សពជនរងគ្រោះ ដែលមុជទឹកសមុទ្របាញ់ត្រីបាត់ខ្លួននៅម្តុំស្ពានកោះពស់នោះបានរកឃើញហើយនៅព្រឹកនេះ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្របានរក​ឃើញ​សព​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួនពេល​មុជទឹកចុះទៅ​បាញ់​ត្រី​នៅបាតសមុទ្រ ម្តុំក្រោម​ស្ពាន​កោះពស់នោះ​ហើយ ។

​បើ​យោង​តាម​​ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ​ថា ៖ យោង​តាម​បទបញ្ជា​របស់ ឧត្តមនាវីទោ លី ហួត មេបញ្ជាការ​ទីបញ្ជាការ​ជួរ​មុខ នៅ​វេលា​ម៉ោង​៦ និង៣០​នាទី ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ទីបញ្ជាការ​ជួរ​មុខ ចំនួន​៨​រូប ដឹកនាំ​ដោយ វរ​នា​វី​ត្រី គួប ពិន មេបញ្ជាការ​រង​កង​នាវា​អន្តរាគមន៍ បាន​ប្រើប្រាស់​មធ្យោបាយ​អូ​ប័​រ​ចំនួន​២​គ្រឿង (RIHB លេខ​១៣៣ និង​អូ​ប័​រ​៦០​សេះ របស់​ស្នាក់​ការ​សន្តិសុខ​កោះតាង​) បន្ត​ចេញ​ប្រតិបត្តិការ​ស្វែងរក​ជន​រង​គ្រោះ​ឈ្មោះ ផែន សុខ​ហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ដែល​បាន​ចុះ​មុជទឹក​បាញ់​ត្រី នៅ​ក្រោម​ស្ពាន​កោះពស់ ដែលបានបាត់​ខ្លួន កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ ។

លុះដល់​វេលា​ម៉ោង​៧​ និង៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ទីបញ្ជាការ​ជួរ​មុខ​បាន​រក​ឃើញ​សាកសព​ជន​រង​គ្រោះ នៅ​ចំណុច​និយាម​កា Lat: 10°33’18″N, Long: 103°33’21″E ស្ថិត​នៅ​ជិត​ស្ពាន​អូ​ត្រេះ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ព្រមទាំង​ក្រុម​គ្រូពេទ្យ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ មុន​នឹង​ប្រគល់​ជូន​ក្រុម​គ្រួសារ និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២