ឥទ្ធិពលនៃការឆេះនៅទីតាំងស្ល និងកែច្នៃលោហះអាគុយនៅខេត្តកំពង់ស្ពឺកាលពីម្សិលម្ងៃនោះបានធ្វើឱ្យសត្វមាន់ជាង២០០០ក្បាលងាប់

ក្រុមការងារជំនាញនៃក្រសួងបរិស្ថានបានឱ្យដឹងថា ពេលនេះក្រសួងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះពិនិត្យករណីទីតាំងទីតាំងស្ល និងកែច្នៃលោហៈ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានរងអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថា ផ្អែកតាមការចុះពិនិត្យទីតាំង ករណីឆេះនេះអាចបង្កដោយការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កអោយមានការផ្ទុះឆេះ ហើយបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វ រស់នៅក្បែរទីតាំងកែច្នៃ ។
​ប្រភពខាងលើនេះបានឱ្យដឹងទៀតថា គិតត្រឹមនៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ០២៦នេះ ទីតាំងដែលឆេះ នៅមានផ្សែងខ្លាំង និងផ្ទុះសំណល់ថ្មពិល ពុំអាចចូលទៅក្នុងទីតាំងបានទេ បន្ទាប់ពីមានអគ្គីភ័យ បានកើតឡើង នៅក្នុងកន្លែងស្តុកទុក សំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ។ ក្រុមការងារបានរកឃើញនៅចម្ងាយ ៥០ ម៉ែត្រ ពីលំនៅដ្ឋានប្រជាជន និង ចម្ងាយ ១០ ម៉ែត្រ មានកសិដ្ឋានចិញ្ចឹមមាន់ ដែលមានប្រមាណជា២ម៉ឺនក្បាល។ ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង មាន់ប្រមាណជាង ២០០០ក្បាល បានងាប់។
     ​​

ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារជំនាញបានវាស់គុណភាពខ្យល់បានឃើញ កម្រិតសារធាតុបំពុលខ្យល់ខ្ពស់ ហើយក្រុមការងារកំពុងបន្តការតាមដាន និងប្រមូលយកសំណាកបរិស្ថាននៅជុំវិញទៅតាំងស្លលោហះ ដើម្បីយកមកវិភាគរកសារធាតុគ្រោះថ្នាក់។ មន្រ្តីជំនាញបានដាក់ចេញវិធានការការពារសុខភាពជាបន្ទាន់ (សម្រាប់ពលរដ្ឋ) ពាក់ម៉ាសការពារ ឱ្យបានត្រឹមត្រូវ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរតំបន់ដែលមានផ្សែង។ ការពារប្រភពទឹក និងអាហារ ដើម្បីការពារកុំឱ្យធាតុគីមីក្នុងផ្សែងធ្លាក់ចូល។
ជាមួយគ្នានេះ ក្រុមមន្រ្តីជំនាញបានតាមដានក្រុមមនុស្សងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់លើកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម មានករណីសង្ស័យត្រូវធ្វើការទំនាក់ទំនងនិងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
សូមបញ្ជាក់ថា ទីតាំងនេះបានទទួលប្រកាសពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ និង ទើបចាប់ផ្តើមបើកដំណើរការសាកល្បងឆ្នាំ២០២៦ ទើបបានរយ:ពេល ០១ខែ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហះ។ ប៉ុន្តែទីតាំងនេះបានដំណើរការអាជីវកម្ម ពុំមានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតិប្រមូលទិញ ស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិលឡើយ។

ករណីពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មប្រមូល ស្តុកទុក ដោះបំបែកកែច្នៃធ្វើប្រពឹត្តកម្មសំ
ណល់អាគុយ និងសំណល់ថ្មពិលដោយគ្មានលិខិតអនុញ្ញាត និងការធ្វើអាជីវកម្មបង្ការផលប៉ះពាល់បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ មាត្រា ២៤៣ មាត្រា ២៧១ និងមាត្រស ២៧២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ផ្លាស់ប្តូរទីតាំង ផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថាន ផងដែរ៕

   

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២