ក្រុមបាតុករថៃ បានវាយប្រហារទីស្នាក់ការប៉ូលីស បន្ទាប់ពីប៉ះទង្គិចគ្នាដោយហិង្សា

បាងកក៖ បាតុកររាប់ពាន់នាក់បានដើរដង្ហែរក្បួននៅជុំវិញទីស្នាក់ការប៉ូលីសថៃនៅកណ្តាលទីក្រុងបាងកកនៅយប់ថ្ងៃពុធ ១៨ វិច្ឆិកា បន្ទាប់ពីសកម្មជនពួកគេ ៦នាក់ត្រូវបានបាញ់ដោយប៉ូលីសក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាដោយហិង្សា។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីក្រុងបាងកកបានរញ្ជួយដោយការតវ៉ាអស់រយៈពេលជាច្រើនខែមកហើយ ដែលទាមទារឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញថ្មី ការដកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់ អូចា និងការផ្លាស់ប្តូររបបរាជានិយមដែលមានអំណាចលើសលប់។ ក្រុមអ្នកតវ៉ាដែលមានចំនួនច្រើនជាង ១ ម៉ឺននាក់ បានប្រមូលផ្តុំនៅចំណុចប្រសព្វ Ratchaprasong ដែលនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មនៃទីក្រុងបាងកកបន្ទាប់ពីមេដឹកនាំរបស់ពួកគេបានប្តេជ្ញាថានឹងបង្កើនចលនានេះឲ្យកាន់តែធំឡើង។ក្រុមអ្នកតវ៉ាខ្លះបានគប់ដបកែវ និងបំផ្ទុះគ្រាប់បែកថ្នាំពណ៌ លើជញ្ជាំងទីស្នាក់ការប៉ូលីស ខណៈដែលសកម្មភាពនេះក៏ត្រូវបានរារាំងដោយរថយន្តធំៗ និងខ្សែបន្លាលួសរបស់ប៉ូលីសផងដែរ។

គួរជម្រាបថា ការតវ៉ាកាលពីថ្ងៃពុធម្សិលមិញនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការប្រឈមមុខដាក់គ្នាដ៏សាហាវបំផុតចាប់តាំងពីចលនាបាតុកម្មបានចាប់ផ្តើមនៅក្នុងខែកក្កដា នៅពេលដែលការប៉ះទង្គិច រវាងបាតុករ និងប៉ូលិសបានបណ្តាលឲ្យបាតុករ៥៥នាក់រងរបួសដោយសារគ្រាប់បែកផ្សែង គ្រាប់កាំភ្លើងជ័រ និងកាណុងបាញ់ទឹករបស់ប៉ូលិស មនុស្ស៤នាក់ត្រូវសម្រាកក្នុងមន្ទីរពេទ្យ និង៦នាក់ទៀតត្រូវគ្រាប់កាំភ្លើងជ័ររបស់ប៉ូលិស។ សមាគមមេធាវីសិទ្ធិមនុស្សថៃ បានបន្ទោសក្រុមប៉ូលិសថា ការបំបែកហ្វូងបាតុករនេះ មិនស្របតាមវិធានអន្តរជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២