បន្ទាប់ពីផ្ទុះការរិះគន់ រឿងសិស្សសាលា អន្តរទ្វីបអាមេរិកាំង ជិះរថយន្តពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ទៅរៀន សមត្ថកិច្ចនគរបាលបាន ហៅមកអប់រំហើយ

ភ្នំពេញ ៖ ក្រោយពីមានការរិះគន់ខ្លាំង ចំពោះសិស្សសាលា អន្តរទ្វីបអាមេរិកាំង ជិះសុទ្ធតែ រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ទៅរៀន ពេលនេះ ស្រាវជ្រាវ រកឃើញអ្នកពាក់ព័ន្ធចំនួន៣នាក់ កោះហៅឲ្យចូលមកបំភ្លឺ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះថា មនុស្ស៣នាក់ មានពាក់ព័ន្ធក្នុងករណីក្មេងប្រុសជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ។

សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនដែលបានបើករថយន្តផ្លាកលេខនបទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវឲ្យបានដឹងច្បាស់អំពីព័ត៌មានដែលបានចុះផ្សាយនេះ ក្រោយពីធ្វើការចុះស្រាវជ្រាវដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថាពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខនប បំពាក់ស៊ីរ៉ែន មកសាលារៀនពិតប្រាកដមែន ។

អ្នកព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វើការសុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួនដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រើប្រាស់រថយន្តពាក់ផ្លាកលខ នប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់ ។

ក្រោយពីទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈរួច សមត្ថកិច្ចការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការលក់ដូររថយន្តផ្លាកលេខនប និងការប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនដោយជនស៊ីវិលដែលមិនមែនជាសមត្ថកិច្ច។

ម្យ៉ាងវិញទៀតដោយរថយន្តនេះមិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍នឹងធ្វើការដោះស៊ីរ៉ែនចេញ ហើយដោយការយករថយន្តនេះទៅប្រើប្រាស់ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វើការដកហូតផ្លាកលេខនបមករក្សាទុកមិនអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតឡើយ ។ ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដើម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២