សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បញ្ជូនបុរស០២នាក់ ទៅតុលាការ ករណីនាំមនុស្សឆ្លងដែន មិនស្របច្បាប់

ខេត្តបន្ទាយមានជ័យ ៖ បុរស០២នាក់ ត្រូវបានកម្លាំងនគរបាលការិយល័យ ប្រឆាំងការជួញដូរមនុស្សនិងការ ពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿង ពីបទនាំមនុស្សឆ្លងដែនមិនស្របច្បាប់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឃុំខ្លួនរួចរាល់ ហើយ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ រោះម សួន ភេទប្រុសអាយុ ៤៩ឆ្នាំ ជាអ្នកបើករថយន្តម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុងដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទប្រុសអាយុ ៤២ឆ្នាំ ជាអ្នករួមដំណើរ។ អ្នកទាំង០២ មានទីលំនៅភូមិអូរស្ងាត់ ឃុំ ត្រពាំងព្រលិត ស្រុកសំពៅ លូន ខេត្តបាត់ដំបង ។

លោកបានបន្តថា ៖ ជនទាំង០២នាក់នេះ បានធ្វើសកម្មភាពដឹកពលករខ្មែរប្រុស ស្រី ចំនួន០៧នាក់ មានទីលំនៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនទៅប្រទេសថៃ។ ប៉ុន្តែត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួននៅវេលាម៉ោងម៉ោង០០និង២៥នាទីថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចនាំខ្លួនទៅធ្វើការសួរនាំនៅអធិការដ្ឋាន។

បើយោងតាមការបំភ្លឺរបស់ពលករទាំង០៧នាក់ ថា ពួកខ្លួនបានទំនាក់ទំនងជាមួយមេខ្សល់ ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានរថយន្តនីសាន់មួយបាំងកន្លះ ពណ៌ក្រហម មានទ្រុងដែក បើកបរដោយឈ្មោះរ៉ម សួន បានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងនោះម្នាក់យកតម្លៃ៥០,០០០រៀល(ប្រាំម៉ឺនរៀល) ។
ពេលមកដល់ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ ។

ចំណែកឈ្មោះ រ៉ម សួន អ្នកបើកបររថយន្តបាននិយាយថា ខ្លួនពិតជាដឹកពលករខ្មែរប្រុស ស្រីទាំង០៧នាក់ ពីស្រុកមង្គលបូរី ទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្ត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន នោះពិតប្រាកដមែន ដោយយកតម្លៃម្នាក់៥០,០០០រៀល(ប្រាំម៉ឺនរៀល) ។
ពេលមកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ ។

ពេលបញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថា៖ឈ្មោះ រ៉ម សួន អ្នកបើកបរនិងឈ្មោះអ៊ូច សុជា អ្នករួមដំណើរ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀនផងទៀត ។

ម្យ៉ាងដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង០៧នាក់និងមចម្លើយសារភាពរបស់ជន សង្ស័យឈ្មោះរ៉ម សួន សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនខ្លួនពួកគេទាំង០២នាក់ទៅអោយសាលាដំបូងខេត្តបន្ទាយមានជ័យឃុំខ្លួនបណ្តោះអសន្ន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២