ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានប្រាប់ឲ្យដឹងថាទីតាំងដែលពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះពីអតីតកាលជាតំបន់សមរភូមិប្រយុទ្ធក្តៅដូចនេះអាចនៅសេសសល់គ្រាប់ ឬគ្រាប់មីនជាច្រើនដែលកងទ័ពកប់ទុកនៅក្នុងដី ក្រោយមានភ្លៀងធ្លាក់ ខ្លាំងទឹកបានហូរច្រោះដាច់ដីបន្តិចម្តងៗរហូតដល់វាផុសចេញមកលើដីនៅក្នុងគុម្ពឬស្សីទើបប្រជា ពល រដ្ឋប្រទះឃើញតែម្តង។
លោកអធិការដ្ឋាននគរបាលស្រុកបានបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញនេះឋិតនៅចំណុចមាត់ស្ទឹងក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១។
លោកអធិការដ្ឋាននគរបាលស្រុកបានបន្តទៀតថា យុទ្ធភ័ណ្ឌដែលប្រទះឃើញរួមមាន គ្រាប់មីនប្រភេទ 72Aចំនួន ៣៦គ្រាប់ គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ០៣គ្រាប់ និងគ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់ បណ្តាគ្រាប់ទាំងអស់នោះនៅមានប្រសិទ្ធនៅឡើយ។
បន្ទាប់មកកម្លាំងនគរបាលជំនាញរបស់លោកក៏បានចុះសហការផ្តល់ព័ត៌មានទៅកាន់អង្គភាពកំចាត់មីនកម្ពុជា CM A C ដើម្បីរំដោះគ្រាប់ទាំងនេះចេញ ហើយយកទៅ កំន្ទេចចោលនៅពេលក្រោយ៕


