ភ្នំពេញ ៖ បន្ទាប់ពីសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ(FINA) តម្រូវឲ្យធ្វើការផ្លាស់ប្ដូរ ដើម្បីស្របតាមគោលការណ៍ច្បាប់ សម្រាប់ប្រទេសទទួលបានសិទ្ធិអនុគ្រោះចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ កីឡាការិនីខ្មែររស់នៅអាមេរិក ម៉ីលី តានមីននិក បានខកខានចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅប្រទេសជប៉ុន ដែលនឹងមកដល់នាចុងខែកក្កដានេះហើយ។
មូលហេតុដែលមិនអាចបញ្ជូនកីឡាការិនី ម៉ីលី តានមីននិក ចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ ដោយសហព័ន្ធបានបង្ខំចិត្តជ្រើសរើសកីឡាការិនីវ័យក្មេង ឃឿន ប៊ុនពេជ្រមរកត ចូលរួមជំនួសវិញ ដើម្បីបំពេញតម្រូវការ និងស្របគោលការណ៍ច្បាប់របស់ FINA នេះជាការបញ្ចាក់របស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។
កីឡាការិនី ម៉ីលី ដែលសហព័ន្ធចង់ជ្រើសរើសនេះ ដោយសារគាត់មានកម្រិតសិទ្ធិផលល្អ ហើយមានការខិតខំប្រឹងប្រែងហាត់នៅអាមេរិកជាប់លាប់ប៉ុន្ដែក្នុងគោលការណ៍ច្បាប់ នៃការបញ្ជូនកីឡាករ-កីឡាការិនី អោយទៅចូលរួមប្រកួតកីឡាអូឡាំពិក គឺកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានការប្រកួតសន្សំពិន្ទុ ឬការប្រកួតដែល FINA ទទួលស្គាល់ពីមុន តែដោយសារឆ្នាំ២០២០-២០២១ មានវិបត្តិកូវីដ-១៩ រាល់ការប្រកួតអន្ដរជាតិមួយចំនួន ដែល FINA ទទួលស្គាល់ ត្រូវអាក់ខានទាំងអស់ ដូច្នេះម៉ីលី មិនបានចូលរួមប្រកួត ហើយសហព័ន្ធក៏ឲ្យគាត់ប្រកួតនៅអាមេរិក ហើយផ្ញើលទ្ធផលមក តែការប្រកួតនោះ មិនមែនជាការប្រកួតដែល FINA កំណត់នោះទេ ទើបលទ្ធផលដែលយើងផ្ញើទៅ គេមិនអាចទទួលបាន ដោយសារវាខុសគោលការណ៍ច្បាប់ ហេតុនេះសហព័ន្ធអន្ដរជាតិ បានស្នើសុំមកសហព័ន្ធខ្មែរកីឡាហែលទឹកវិញ អោយមានការផ្លាស់ប្ដូរដើម្បីស្របទៅតាមនីតិវិធីរបស់គេ ដោយសហព័ន្ធបានបង្ខំចិត្តជ្រើសរើសកីឡាការិនីវ័យក្មេង ឃឿន ប៊ុនពេជ្រមរកត ចូលរួមជំនួសវិញ ដើម្បីបំពេញតម្រូវការ និងស្របគោលការណ៍ច្បាប់របស់ FINA។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិក-តូក្យូ ឆ្នាំ២០២០ ដែលពន្យារពេលមករៀបចំក្នុងឆ្នាំ២០២១នេះ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហាខាងមុខ នៅប្រទេសជប៉ុន ក្នុងនោះកម្ពុជា បានទទួលសិទ្ធិអនុគ្រោះ ដើម្បីបញ្ជូនអត្តពលិក ២ប្រភេទកីឡាទៅចូលរួមប្រកួត រួមមានកីឡាហែលទឹក គឺមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតលើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ដែលត្រូវចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ៕
ប្រភពៈCAMSOC


