CAMSOC បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បុគ្គលិក និងកម្មករ-កម្មការិនី ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិ មរតកតេជោ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រួមសហការជាមួយក្រុមការងារចាក់វ៉ាក់សាំង នៃក្រសួងការពារជាតិ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់បុគ្គលិក និងកម្មករ-កម្មការិនីចំនួន ៦៤៩នាក់ ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

យោងតាមមន្ដ្រីគណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកសម្របសម្រួលកម្មវិធីចាក់វ៉ាក់សាំងខាងលើ បានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង ដោយការចាក់៣លើកមុន ពួកយើងបានរៀបចំចាក់ជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ នៅមន្ទីរពេទ្យព្រះកេតុមាលា សរុបទាំង ៣លើក ចំនួន ១,៣៦៣នាក់។

ដោយឡែកនៅពហុកីឡដ្ឋានជាតិមរតកតេជោ បានចាក់ចំនួន២លើករួចមកហើយ រួមទាំងការចាក់ដូសទី១ថ្ងៃនេះ ដោយកាលលើកទី១ យើងចាក់ជូនបុគ្គលិក កម្មករ-កម្មការិនីសាងសង់កីឡដ្ឋានធំ ឬស្ដាតបាល់ទាត់ពហុកីឡដ្ឋានជាតិមរតកតេជោសរុបចំនួន ៣៣៥នាក់។ ចំណែកថ្ងៃនេះ យើងត្រូវចាក់ជូនបុគ្គលិក កម្មករ-កម្មការិនី ដែលសាងសង់ភូមិកីឡាសរុបចំនួន ៦៤៩នាក់ទៀត។ ដូច្នេះសរុបតួលេខចាក់៥លើក ទាំងចាក់៣លើក នៅមន្ទីរពេទ្យព្រះកេតុមាលា និងចាក់២លើក នៅពហុកីឡដ្ឋានជាតិមរតកតេជោ សរុបទាំងអស់ចំនួន ២,៣៤៧នាក់។

សូមជម្រាបថាតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងនៅហ្នឹងកន្លែងនេះដែរ បានជំរុញឲ្យការងារសាងសង់កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ដោយការកាត់បន្ថយការធ្វើដំណើរ និងចំណេញពេលវេលាច្រើន។ ជាក់ស្ដែង តាមការសង្កេត ក៏ដូចជាការផ្ដល់ជូនព័ត៌មានពីក្រុមការងារសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយទទួលបានវ៉ាក់សាំងរួចរាល់ កាលពីខែឧសភាកន្លងទៅ បានពន្លឿនការងារសាងសង់កាន់តែល្អប្រសើរ និងសម្រេចតាមផែនការគ្រោងទុក ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ របស់យើង គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

ប្រភព : CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២