ខឹងអាចារ្យភ្លុក បុរសជាប៉េអឹមម្នាក់ ផ្ទុះហិង្សា វាយចំក្បាលមួយដៃ និងបង្ហោះហ្វេសប៊ុក ជេរប្រមាថថ្នាក់ដឹកនាំខេត្ត ជាសាធារណៈ

ខេត្តរតនគិរី ៖ ដោយសារតែកំហឹង មិនអាចទប់បាន បុរសជាមន្រ្តីអាវុធហត្ថ ខេត្តរតនគីរីម្នាក់ បានប្រើហិង្សា ទៅលើអាចារ្យភ្លុក បានយកដុំឥដ្ឋបម្រុងវាយទៅលើលោកអាចារ្យភ្លុក ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ ចាប់ឃាត់ ក៏ស្ទុះវាយចំក្បាលមួយដៃ ដោយខឹងក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានវិចខ្ចប់សពម្ដាយលោកយកទៅបូជាភ្លាមៗ មិនទុកពេលឲ្យកូនបានធ្វើបុណ្យជូនអ្នកម្ដាយជាចុងក្រោយ។ ហើយមន្រ្តីអាវុធហត្ថរូបនេះ ក៏បានបង្ហោះហ្វេសប៊ុក ជេរប្រមាថថ្នាក់ដឹកនាំខេត្ត ជាសាធារណៈថែមទៀតផង។

ក្រោយពីបានប្រើអំពើហិង្សាលើ អាចារ្យភ្លុក និង បង្ហោះហ្វេសប៊ុក ជេរប្រមាថថ្នាក់ដឹកនាំខេត្ត ជាសាធារណៈ មន្ត្រីកងរាជអាវុធហត្ថរូបនេះ ត្រូវបានឃាត់ខ្លួន ឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី។

ប្រភពមន្ត្រីក្នុងជួរកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កាលពីដើមសប្តាហ៍កន្លងទៅ នៅចំណុចវត្តគិរីសោភ័ណ្ឌ(ហៅវត្តអូរភ្លង) ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជនល្មើសខាងលើ បានប្រើអំពើហិង្សាដោយចេតនា វាយទៅលើជនរងគ្រោះឈ្មោះ ម៉ក់ ល័ក្ខ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាចារ្យភ្លុក មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុនោះ ម្ដាយរបស់ឈ្មោះ ទួង ចាន់ គឺលោកយាយ ឈ្មោះ ឈាង ប៉ោអ៊ាន អាយុ៧៣ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ មន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ចែង និងដឹកសពយកទៅបូជានៅវត្តគិរីសោភ័ណ្ឌ ហៅវត្តអូរភ្លង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងពេលកំពុងបូជាសពបានបន្តិចឈ្មោះ ទួង ចាន់ បានទៅដល់ហើយស្រែកសួរទៅលោកអាចារ្យភ្លុកឈ្មោះ ម៉ក់ ល័ក្ខ ថា អាណាឲ្យបូជា អាចារ្យក៏ឆ្លើយថា គ្រូពេទ្យឲ្យបូជា ពេលនោះឈ្មោះ ទូង ចាន់ ខឹងនឹងលោកអាចារ្យ ក៏បានយកដុំឥដ្ឋបម្រុងវាយទៅលើលោកអាចារ្យភ្លុក ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ ចាប់ឃាត់ធ្វើឲ្យជ្រុះដុំឥដ្ឋនោះចេញពីដៃ បន្ទាប់មកឈ្មោះ ទួង ចាន់ ក៏ស្ទុះទៅវាយលោកអាចារ្យភ្លុកត្រូវចំក្បាលមួយដៃ។

ក្រោយមកនៅវេលារសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ទួង ចាន់ ដែលមានគណនីfacebook ឈ្មោះ Chheang Sok បានសរសេរក្នុងគណនីរបស់ខ្លួនបង្ហោះ ជេរប្រមាថថ្នាក់ដឹកនាំខេត្តជាសាធារណៈ ដោយខឹងក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានវិចខ្ចប់សពម្ដាយលោកយកទៅបូជាភ្លាមៗ មិនទុកពេលឲ្យកូនបានធ្វើបុណ្យជូនអ្នកម្ដាយជាចុងក្រោយ។

បច្ចុប្បន្នឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ត្រូវបានព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តឲ្យឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២