ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការវិលត្រឡប់មកវិញនូវកីឡាករវ័យក្មេងខ្សែការពារសឿត បារាំង កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។បន្ទាប់ពីបានរួមរស់ជាមួយអង្គរថៃហ្គឺរអស់រយះពេលពេញមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងរួចមក កីឡាករខ្សែការពារជម្រើសជាតិរូបនេះនឹងវិលមកជួយក្រុមសិង្ហក្រហមវិញ នៅរដូវកាល២០២២នេះ។
“ក្លឹបនៅតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច” នេះគឺជាសម្តីរបស់កីឡាករសឿត បារាំង ក្រោយពីត្រលប់មកភ្នំពេញក្រោន នេះបើយោងទៅតាមគេហ៍ទំព័ររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ខ្សែការពារស្លាបឆ្វេងរូបនេះ ពេញចិត្តនឹងការវិលត្រលប់មកក្លឹបភ្នំពេញក្រោនវិញ ដោយសាររូបគេបានប្តេជ្ញាជួយក្លឹបការពារតំណែងជើងឯករបស់ខ្លួននៅរដូវកាលខាងមុខនេះ។
សឿត បារាំងបានចាត់ទុកក្លឹបជើងឯកលីគកំពូលកម្ពុជា ៧សម័យកាលជាផ្ទះទីពីររបស់គេ ដោយសារតែរួបគេធំឡើង និងត្រូវបានបណ្តុះបណ្តាលឱ្យក្លាយជាកីឡាករបាល់ទាត់អាជីពតាំងពីតូច។
កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបន្ថែមថា៖«ខ្ញុំសប្បាយចិត្តណាស់ជាមួយនឹងការវិលមកកីឡដ្ឋាន RSN ហើយជាពិសេសខ្ញុំអាចលេងជាមួយមិត្តរួមក្រុមចាស់ម្តងទៀត។
“ភ្នំពេញក្រោន គឺជាផ្ទះទីពីររបស់ខ្ញុំ ដែលខ្ញុំបានរស់នៅតាំងពីខ្ញុំនៅក្មេង។ ខ្ញុំតែងតែដឹងគុណចំពោះប្រធានក្លឹប ដូច្នេះហើយបានជាខ្ញុំត្រលប់មកវិញ ព្រោះថាក្លឹបនៅក្នុងចិត្តខ្ញុំជានិច្ច។ខ្ញុំពិតជារីករាយ និងមានមោទនភាពក្នុងការលេងឱ្យក្រុមការពារតំណែងជើងឯក ហើយគោលដៅរបស់យើងគឺការពារជើងឯករបស់យើងសម្រាប់រដូវកាលខាងមុខនេះ ហើយខ្ញុំសង្ឃឹមថា ពួកយើងនឹងខ្លាំងជាងរដូវកាលមុន។
ខ្ញុំបានពិភាក្សារជាមួយគ្រូបង្វឹករួចហើយ ហើយច្បាស់ណាស់វានិយាយអំពីការហ្វឹកហាត់ វិន័យ និងអ្វីដែលខ្ញុំអាចរួមចំណែកនៅលើទីលានដើម្បីក្លាយជាកីឡាករចាប់ផ្តើមធម្មតាដូចមុនសម្រាប់ក្រុម។
«នៅក្លឹបធំដូចជាភ្នំពេញក្រោន វាមានការប្រកួតប្រជែងខ្លាំង ដូច្នេះយើងត្រូវតស៊ូដើម្បីកន្លែងរបស់យើង ខ្ញុំបានត្រៀមខ្លួនជាស្រេចហើយតាំងចិត្តតស៊ូដើម្បីកន្លែងរបស់ខ្ញុំ ហើយវាជាការប្រជែងដ៏ល្អ»។ នេះជាការបន្ថែមរបស់ខ្សែការពារវ័យ២៣ឆ្នាំរូបនេះ។
សូមរំលឹកផងដែលថា មកទល់ពេលនេះ ក្រៅពីស្វាគមន៍ការវិលត្រឡប់មកវិញរបស់កីឡាករសឿត បារាំង ក៏មានអ្នកចាំទី គង់ ចាន់វុទ្ធី ដែលទើបតែត្រឡប់មកពីជួយគិរីវង្សសុខសែនជ័យផងដែរ ហើយភ្នំពេញក្រោនក៏បានបន្ដកិច្ចសន្យាជាមួយកីឡាករបរទេស ៣រូប គឺខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto, ខ្សែបម្រើជប៉ុន Yudia Ogawa និងមិត្តរួមជាតិ Ose Takaki។ រីឯកីឡាករចាកចេញក៏មាន ២រូបផងដែរ គឺខ្សែប្រយុទ្ធប្រេស៊ីល Matheus S.Silva កីឡាករ ប៉ាក់ កែវម៉ូនី និងអ្នកចាំទី អ៊ុ វិចិត្រ ៕
ដោយ ៖ វិកគី


