តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៥ ដើម្បីទទួលបានសិទ្ធវិនិយោគនៅក្នុងប្រទេសកម្ពុជា។ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនខ្លះគ្រោងបង្កើតកសិដ្ឋាន បង្កើតរោងចក្រអេឡិចត្រីនិច និងរោងចក្រកាត់ដេរសម្លៀកបំពាក់ជាដើម។
ក្រុមហ៊ុនទាំង៥ ដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគរបស់ខ្លួនពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នោះរួមមាន៖
១-ក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” មានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។

២-ក្រុមហ៊ុន“RITHY RUBBER (CAMBODIA) CO., LTD” មានគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។

៣-ក្រុមហ៊ុន “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD”មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។

៤- ក្រុមហ៊ុន“JINGMAOGUOJI (CAMBODIA) GARMENT CO., LTD”មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។

៥- ក្រុមហ៊ុន“EBELNO (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង៕

ដោយ៖ សំណាង