រដ្ឋាភិបាលសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន២ ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរ និងរោងចក្រផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជា

តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួនពីរ ដែលមានគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតស្បែកជើង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន១១,៤លានដុល្លារ ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

ក្រុមហ៊ុនទាំងពីរដែលទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)នោះរួមមាន៖

១-ក្រុមហ៊ុន GENMEI INDUSTRIAL (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។

២-ក្រុមហ៊ុន TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD មានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២