ប្រទេសអូស្រ្តាលីនឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦ លានដុល្លារអូស្រា្តលីដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាន និងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដដែលបានឱ្យដឹងបន្តទៀតថា រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដោយ។ កាយវិការនេះគឺជាសក្ខីភាព ដ៏ច្បាស់លាស់មួយចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី៕


ដោយ៖ ឧត្តម