តម្លៃស្រូវឆ្នាំនេះ បានហក់ឡើងខ្ពស់ដែលនឹកស្មានមិនដល់ ដែលក្រុមមន្ត្រីសហព័ន្ធស្រូវ អង្ករកម្ពុជាបានចាត់ទុកថា ជាប្រវត្តិសាស្ត្រសម្រាប់តម្លៃស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។តម្លៃស្រូវឡើងខ្ពស់នាឆ្នាំនេះបានធ្វើឱ្យប្រជាកសិករប្រកបរបរកសិកម្ម ដាំដុះស្រូវញញឹមបិទមាត់មិនជិតនោះទេ ដោយសារតែពួកទទួលបានផលចំណេញច្រើនពីការធ្វើស្រូវនាឆ្នាំនេះ។


ដោយសារតែតម្លៃស្រូវហក់ឡើងខ្ពស់ និងទទួលបានផលចំណេញពីការលក់ស្រូវនេះ ប្រជាកសិករយើងមានការសប្បាយរីករាយ ដោយពួកគាត់អាចសងបំណុលធនាគារបាន អ្នកខ្លះទិញម៉ូតូថ្មីជិះ ,អ្នកខ្លះជួសជុលផ្ទះ និងទិញឧបករណ៍ផ្សេងៗសម្រាប់ធ្វើស្រែបន្តទៀត ។បើតាមអ្នកជំនាញផ្នែកស្បៀងអាហារនៅលើពិភពលោក បានទស្សន៍ទាយថា ស្បៀងអាហារ នឹងមានតម្លៃថ្លៃ ក្នុងរយៈពេលប្រហែល 3 ឆ្នាំបន្តទៅទៀត។ ដូច្នេះ សូមប្រជាកសិករយើង ខំប្រឹងធ្វើស្រែបន្តទៀតពីព្រោះស្រូវនៅតែបន្តឡើងថ្លៃបន្តទៀត។

បើតាមប្រជាកសិករម្នាក់ឈ្មោះ សុខ ឌី រស់នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ទោះបីជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមេឃមិនសូវអំណោយផល តែតម្លៃស្រូវសើមនៅទីវាលមានតម្លៃចន្លោះពី ១១៦០រៀល ដល់១២០០រៀលក្នុងមួយគីឡូក្រាម។បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ ស្រូវមានតម្លៃមិនដល់៦០០រៀល ឬ៧០០រៀលផងក្នុងមួយគីឡូក្រាម។


ពាក់ព័ន្ធនឹងរឿងនេះ អ្នកជំនាញវិស័យស្រូវ អង្ករបានលើកឡើងថា មូលហេតុដែលនាំឱ្យតម្លៃស្រូវឡើងថ្លៃខ្ពស់បែបនេះគឺដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលមិនអាចធ្វើឱ្យប្រទេសនេះនាំគ្រាប់ធញ្ញាជាតិទៅកាន់ទីផ្សារអន្តរជាតិបាន។ ព្រោះថាប្រទេសអ៊ុយក្រែនជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំមួយរបស់ពិភពលោក ជាពិសេសគឺនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដោយសារប្រទេសនេះមិនអាចនាំចេញបានឬនាំចេញបានតែក្នុងកម្រិតណាមួយនោះ បានធ្វើឱ្យប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបខ្វះខាតស្បៀង ដូច្នេះធ្វើឱ្យមានតម្រូការស្រូវអង្ករពីបណ្តាប្រទេសនៅតំបន់អាស៊ីយើងនេះ៕


ដោយ៖ សំណាង