សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីវាយតបគ្នានៅតាមផ្លូវសាធារណៈ នៅខណៈពេលកំពុងភ្លៀង ក្នុងសង្កាត់បឹងកក់២

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា  ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកការពារសុវត្ថិភាព និងប្រើដៃ, ជើងវាយ និងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាលនិងដងខ្លួន) ដោយពួកគេត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១៩ និង៣៦នាទីថ្ងៃដដែល ។

សមត្ថកិច្ចបញ្ជាក់ផងដែរថា ៖ ជនសង្ស័យដែលសមមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

១-ឈ្មោះ ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

២-ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥-៩៦ ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

៣-ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

៤-ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ដោយឡែកជនរងគ្រោះចំនួន០២នាក់ ពុំស្គាល់ ឈ្មោះ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ០១គ្រឿងម៉ាក Honda ស៊េរី2022 ពណ៍ខ្មៅ មិនចាំផ្លាកលេខ (ក្រោយពេលកើតហេតុជិះម៉ូតូចាកចេញទៅបាត់ កំពុងធ្វើការស្រាវជ្រាវឱ្យមកដាក់ពាក្យបណ្ដឹងចាត់ការតាមនីតិវិធី) ។

 

បច្ចុប្បន្ន:ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២