ភ្នំពេញ៖ សង្វៀន GANZBERG រាជសីហ៍គុនខ្មែរ គូកីឡាការិនី បើកឆាក នៅស្ថានីយទូរទស្សន៍ថោនយប់ម៉ិញនេះឡើងផ្អើលអស់អ្នកគាំទ្រ ដែលជាជំនួបនៃការប្រកួតគូមិត្តភាពគុនខ្មែរវាយ៣ទឹកពេញ រវាងកីឡាការិនី កញ្ញា គុនខ្មែរ មកពីក្លឹបគុនខ្មែរដូនតា ប៉ះជាមួយកីឡាការិនី ហេង រចនា មកពីក្លឹបព្រៃទទឹងគុនខ្មែរ បានទាក់ទាញចំណាប់អាម្មរណ៍អ្នកគាំទ្រយ៉ាងខ្លាំង ចំពោះការប្រកួតរបស់អ្នកទាំងពីរ ពិសេសភាពក្លាហានរបស់ពួកគេ។


នៅទឹកទី១ និងទឹកទី ២ កីឡាការិនីកញ្ញា គុនខ្មែរ ហាក់មានប្រៀបទៅលើហេង រចនា ដ្បិតតែនេះជាការប្រកួតលើកដំបូងក្នុងអាជីពតាំងពីចូលហ្វឹកហាត់មកក៏ពិតមែន ប៉ុន្តែកីឡាការិនីបង្គោលក្រហមរូបនេះ វាយដៃគូមិនញញើតដៃឡើយ ។ កណ្ដាប់ដៃរបស់គេបានវាយចូលពេញៗផ្ទៃមុខរបស់រចនា ប៉ុន្តែកីឡាការិនីរូបនេះនៅមិនទាន់ចេះប្រើក្បាច់ច្រើននោះទេ ការប្រកួតនេះអាចជាបទពិសោធន៍ថ្មីសម្រាប់រូបគេយកទៅកែលម្អបន្ត។


ចំណែកឯទឹកទី៣វិញ ឃើញថាកីឡាការិនីហេង រចនា បានដាក់សម្ពាធទៅលើ កញ្ញា ដោយការប្រើប្រាស់កែង និងជង្គង់បានយ៉ាងល្អ ដោយសារតែកីឡាការិនីរូបនេះ ធ្លាប់មានបទពិសោធន៍ប្រកួតតាមវត្តពីមុនមកខ្លះដែរ។ ប៉ុន្តែបើនិយាយពីកម្លាំង និងទឹកចិត្តវិញគឺនៅចាញ់កញ្ញា គុនខ្មែរ។


ឆ្លងកាត់ការប្រកួត ៣ទឹកពេញ លទ្ធផលគឺកីឡាការិនីមកពីក្លឹបគុនខ្មែរដូនតា បានទទួលជ័យជំនះក្នុងប្រកួតដំបូងរបស់ខ្លួន និងធ្វើបានយ៉ាងល្អ៣ទឹកពេញ ធ្វើឲ្យលោកគ្រូឃឹម សុជាតិ សសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពរបស់កីឡាការិនីរូបនេះ ជាពិសេសភាពក្លាហាន និងភាពវ័យឆ្លាត ហើយក៏បានមើលឃើញពីចំណុចខ្វះខាតមួយចំនួនដើម្បីកែលម្អបន្តទៀត។


គួរជម្រាបផងដែរថា កញ្ញា គុនខ្មែរ មានទំងន់ ៥៧ kg មានស្រុកកំណើតនៅភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល អាយុ ១៨ឆ្នាំ កម្ពស់ ១,៦៥ម៉ែត្រ។ ការប្រកួតកាលពីយប់ម៉ិញនេះ ជាការប្រកួតលើកដំបូងនៅក្នុងអាជីពរបស់គេ ហើយទទួលបានជ័យជំនះលើគូប្រកួតទៀត ដែលធ្វើឱ្យរូបគេមានការរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ជាមួយការប្តេជ្ញាចិត្តថា នឹងបន្តខិតខំធ្វើការហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត៕

ដោយ៖ វិកគី

