មកវិញហើយ! មកទស្សនាការប្រកួតបាល់ទាត់លីគកំពូលយើងវិញបងប្អូន Super Sunday ដឹងតែសប្បាយភ្នែកទៀតហើយបងប្អូន

ភ្នំពេញ៖ អ្នកគាំទ្របាល់ទាត់កម្ពុជាពេញលេង និងសប្បាយភ្នែកទៀតហើយ មកវិញសប្តាហ៍នេះ ក្រោយពីសម្រាកយូរ ប្រកួតធំតែម្ដង CPL នឹងបន្ដការប្រកួតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ការប្រកួតជ្រើសរើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦ ពោលគឺចាប់ពីសៅរ៍ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។

នៅថ្ងៃសៅរ៍ទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បងប្អូនអាចទៅទស្សនាបានចំនួនពីរប្រកួតគឺ ក្រុមអង្គរថាយហ្គឺ និង ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Akihiro Kato Stadium និង ក្រុមណាហ្គាវើលដ៍ ត្រូវទទួលក្រុមអឹម អូ អាយ កំពង់ដេវ៉ា កីឡដ្ឋានកំពង់ស្ពឺ ។ ការប្រកួតទាំងពីរនេះនឹងចាប់ផ្ដើមនៅម៉ោង ៦:00 នាទីល្ងាច ដូចគ្នា។

ចំណែកឯថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការប្រកួត Big Match ប្រចាំសប្ដាហ៍រវាង វិសាខា និងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ និងមួយប្រកួតទៀតនោះគឺ ក្រុម បឹងកេត បើកទ្វារផ្ទះទទួលក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ កងយោធពលខេមរភូមិន្ទ នាពហុកីឡដ្ឋានជាតិអូឡាពិក។ ចំណែកឯមួយប្រកួតផ្សេងទៀត សម្រាប់សប្ដាហ៍ទី៤ នោះគឺ ក្រុមឡាយហ្វខេត្តព្រះសីហនុ និង ភ្នំពេញក្រោន នៅកីឡដ្ឋានឡាយហ្វ។ ការប្រកួតទាំងបីនេះ នឹងចាប់ផ្តើមពីម៉ោង ៦:០០ នាទីល្ងាចតទៅដូចគ្នា។

 

គួរឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួត៣សប្ដាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៩ពិន្ទុពេញ តាមពីក្រោយលេខ២ ដោយអង្គរថាយហ្គឺរ មាន ៦ពិន្ទុ លេខ៣ កងយោធពលខេមរភូមិន្ទ មាន ៥ពិន្ទុ លេខ៤ វិសាខា មាន ៤ពិន្ទុ ស្មើរគ្នាជាមួយ អឹម អូ អាយ កំពង់ដេវ៉ា ស្ថិតនៅលេខ៥។

 

រង់ចាំមើលថា សប្ដាហ៍ទី៤នេះនឹងមានអ្វីកើតឡើងបន្ដទៀត សូមរង់ចាំតាមដានទាំងអស់គ្នា ចូលរួមគាំទ្របាល់ទាត់ជាតិ លីគខ្លាំង ជម្រើសជាតិខ្លាំង ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២