ភ្នំពេញ៖ កាដូមុនភ្ជុំទៅកាន់អ្នកគាំទ្រគុនខ្មែរ ដែលតែងតែនិយមគាំទ្រ និងចូលរួមទស្សនាការប្រកួតជារៀងរាល់សប្តាហ៍ និងគ្រប់សង្វៀនរបស់ស្ថានីយទូរទស្សន៍នោះ នៅក្នុងសប្តាហ៍នេះ ទាំងសង្វៀនថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រស្អែក មានការចូលរួមពីសំណាក់កីឡាករជើងខ្លាំងល្បីៗជាច្រើនរូប ដែលនឹងត្រៀមសម្លៀងអាវុធឡើងប្រកួតកំដរអារម្មណ៍អ្នកស្នេហាកីឡាប្រដាល់គុនខ្មែរមុនឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។


សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ សង្វៀនGANZBERG រាជសីហ៍គុនខ្មែរ មានការប្រកួតគូរពិសេសជាច្រើនដូចជា៖ គូមិត្តភាពគុនខ្មែរចំនួន 3 គូរគឺ កីឡាករពេជ្រ ផាន់ណា ត្រូវប្រកួតជាមួយ ឈិន ចិន , នី នរចៅខ្លា ប្រកួតជាមួយហែម រើន , រដ្ឋា គុនខ្មែរ ត្រូវប៉ះកីឡាករ គឿម សុវណ្ណង៉ា ។ការប្រកួតនេះនឹងចាប់ផ្ដើមពីម៉ោង៨យប់តទៅនៅស្ថានីយទូរទស្សន៍ថោន ។



ចំណែកឯការប្រកួតគូមិត្តភាពអន្តរជាតិវិញគឺ រស្មី គុនខ្មែរ ត្រូវជួបតតាំងជាមួយជើងខ្លាំងមកពីអ៊ីរ៉ង់កីឡាករ មេរ៉ាន សាឌីជី , កីឡាករសូត្រ ខេវិន ត្រូវប៉ះជើងខ្លាំងចិន ហ្សាំង ជុនយី ការប្រកួតមិត្តភាពអន្តរជាតិគុនខ្មែរវាយ៣ទឹក ។


ដោយឡែកសម្រាប់សង្វៀន Boostrong King Of The Ring Kun Khmer ប្រកួតនៅថ្ងៃសុក្រទី១៩ ខែកញ្ញាស្អែកនេះ គូមិត្តភាពជាតិគឺជាការជួបគ្នារវាងកីឡាករលី ឆៃដែន និងកីឡាករ រិទ្ធ ប៊ុនរ៉ុង , កីឡាករឡៅ រចនា ត្រូវប៉ះជាមួយកីឡាករ រីគី ជ័យវណ្ណី , ថុន ថេន ត្រូវប៉ះជាមួយកីឡាករ ដែន នេនហ្វុង ។



ហើយគូមិត្តភាពអន្តរជាតិគុនខ្មែរគឺ កីឡាករហាត ភី ជួបតតាំងជាមួយជើងខ្លាំងចិន អ៊ី ជិនឆាន ,ចំណែកឯកីឡាករសែន រ៉ាដេត ត្រូវប៉ះជើងខ្លាំងអ៊ីរ៉ង់ អាមៀ ម៉ូរ៉ាឌី ។ ការប្រកួតនេះចាប់ផ្ដើមពីម៉ោង៧យប់តទៅនៅស្ថានីយ៍ទូរទស្សន៍ថោន ។


គួរជម្រាបផងដែរថា សង្វៀនប្រកួតទាំងពីរនេះនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងបន្តទៅកាន់ទំព័រ facebook TOWN FULL HDTV, TOWN FM 102,25 ,PAGE GANZBERG BEER និង Boostrong ផងដែរ ៕
ដោយ៖ វិកគី

