ភ្នំពេញ៖ បេសកកម្មរបស់ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជានៅប្រទេសតាជីគីស្ថានបានបញ្ចប់កាលពីយប់ម៉ិញដោយយកឈ្នះក្រុមបាល់ទាត់ម៉ាកាវក្នុងលទ្ធផល១១ទល់២ ក្នុងការប្រកួតពានរង្វាន់ AFC Futsal Asian Cup Indonesia 2026 ។


ក្រុមជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជា ហាក់ធ្វើបានល្អក្នុងការប្រកួតចុងក្រោយនេះ ខណៈដែលការប្រកួតដំបូងរងបរាជ័យ ដោយកាលនោះចាញ់ម្ចាស់ផ្ទះតាជីគីស្ថាន ៧ទល់១,ចាញ់ជប៉ុន ៥ទល់០ ។
គួរជម្រាបផងដែរថា ជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជា ក្រោយពេលប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅប្រទេសចិនរួច ក៏បានទៅចូលរួមបេសកកម្មពានរង្វាន់AFC Futsal Asian Cup Indonesia 2026 នៅប្រទេសតាជីគីស្ថាន ពីថ្ងៃទី២០ ដល់ ២៤ កញ្ញា ២០២៥ ។ ដោយកម្ពុជាស្ថិតនៅក្នុងពូល C ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន ជប៉ុន និង ម៉ាកាវ ។


យោងតាមគ្រូបង្គោលក្រុមជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជាបានលើកឡើងថា ពិតជាមានសេចក្តីរីករាយខ្លាំងណាស់ ដែលបានមកប្រទេសតាជីគីស្ថាន ចូលរួមការប្រកួតពានរង្វាន់មួយនេះ បើទោះបីជាស្ថិតនៅក្នុងពូលដែលមានសុទ្ធតែក្រុមកម្រិតខ្ពស់ច្រើន ប៉ុន្តែកម្ពុជាបានព្យាយាមអស់តាមលទ្ធភាព ដើម្បីមុខមាត់បាល់ទាត់ហ្វូតសាលរបស់កម្ពុជា ។


ដូច្នេះកុំភ្លេចចូលរួមគាំទ្រ និងលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិ ហ្វូតសាលកម្ពុជាបន្តនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដើម្បីលើកស្ទួយវិស័យបាល់ទាត់ហ្វូតសាលនៅក្នុងស្រុកបន្ថែមទៀត៕

ដោយ៖ វិកគី

