រយៈពេល៦ខែដើមឆ្នាំនេះ រោងចក្រនៅកម្ពុជាបានកើនឡើងជាង ៨០០ និងអាចបង្កើតការងារថ្មីបានជាង៩ម៉ឺននាក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ រោងចក្របានកើនពី ៤៦ ៦៤៩ ទៅ ៤៧ ៤៩៤ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានកើនឡើងពី ២ ៧២៥ ដល់ ២ ៨៩០។

លោក ស៊ុន មេសា បានលើកឡើងថា កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តឥតឈប់ឈររបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា និងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជានៅឡើង។

អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖ «ទោះបីសេដ្ឋកិច្ចពិភពលោកនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ និងបង្កើតការងារថ្មីជាបន្តបន្ទាប់ ហើយកំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើសន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំងពលកម្មដែលមានជំនាញរបស់កម្ពុជា»។

បន្ថែមពីនេះ លោក បានបញ្ជាក់ថា ការងារថ្មីជាង ៩ម៉ឺនកន្លែង ដែលត្រូវបានបង្កើតឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះគឺជាភស្តុតាង ដែលបញ្ជាក់ថា កម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ស្វែករកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧ ដែលផ្តល់ប្រាក់ចំណូលសមរម្យ ធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ជាធរមាន ជាជាងការចំណាកស្រុកដោយប្រថុយប្រថានដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាជាដើម៕

ដោយ៖ ឧត្តម

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២