នៅទីបញ្ជាការកណ្តាលភំ្នពេញ នាថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC រួមជាមួយលោក Takayama Ryoji ប្រធានអង្គការ IMCCD បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍”ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះនៅក្នុង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលគម្រោងនេះចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧។


គួររំលឹកផងដែរថា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ប្រែក្លាយពីទឹកដីអតីតៈសមរភូមិសប្បូរដោយគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ទៅជាឃុំមានផលិតផលសម្រេចពីដំណាំកសិកម្មល្បីល្បាញជាប់លេខ១-លេខ២ នៅបារាំងនិងអង់គ្លេស នឹងបាននាំចេញទៅទីផ្សារនៅជប៉ុនយ៉ាងទូលំទូលាយផងដែរ។
នៅដើមឆ្នាំ២០០២ ឃុំតាសែនគ្មានសាលារៀន ខ្វះខាតគ្រប់សព្វ សម្បូរតែគ្រាប់មីន គឺគ្រាប់មីនច្រើនជាងគេ។ កម្លាំងCMACបានពលីនៅឃុំតាសែនចំនួន៧រូប ក្នុងពេលបោសសម្អាតគ្រាប់មីន។ គ្រានោះឯកឧត្តមប្រតិភូ សហការជាមួយអង្គការJMAS ក្រុមហ៊ុនKomatsu ក្រុមហ៊ុនHitachi រួមគ្នាកសាងសាលារៀន អភិវឌ្ឍន៍ផ្លូវជនបទ ជីកស្រះទឹកខ្នាតធំជាដើម៕

ដោយ៖ វិចិត្រ

