ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមម្ចាស់ផ្ទះ Nam Dinh ដោយលទ្ធផល ១-២ វគ្គសន្សំពិន្ទុពានរង្វាន់ ASEAN Club Championship

ភ្នំពេញ៖ ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមម្ចាស់ផ្ទះ Nam Dinh ដោយលទ្ធផល ១-២ វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ ASEAN Club Championship នាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម។

ការប្រកួតវគ្គទី១ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អដោយគ្រប់គ្រងការប្រកួតបានច្រើន ប៉ុន្តែតំបន់ការពាររបស់ Nam Dinh ពិតជារឹងមាំល្អ ហើយពួកគេរកបាន ២ គ្រាប់នៅវគ្គទី១តាមរយៈបាល់លេងចេញពីការប៉ះបង្គោលទីនៅនាទីទី៣៦ និង នាទីទី៤០។

 

នៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង បានព្យាយាមសម្រុក ខណៈ Nam Dinh បានបង្ហាញគុណភាពការពារ និងវាយបកយ៉ាងល្អ។ នៅនាទីទី ៥៩ ខ្សែប្រយុទ្ធសញ្ជាតិប៉ាឡេស្ទីន Mahmoud Eid ទទួលបានកាតក្រហម ដែលផ្តល់ឲ្យព្រះខ័នរាជស្វាយរៀង ដាក់សម្ពាធកាន់តែខ្លាំង។ ទោះជាយ៉ាងណា ព្រះខ័នរាជស្វាយរៀង នៅតែពិបាកទម្លាយរបាំងការពាររបស់ក្រុមម្ចាស់ផ្ទះណាស់ បើទោះជាព្យាយាមគ្រប់គ្រងបាល់ច្រើនក៏ដោយ។

រហូតដល់នាទីទី៨១ ទើបខ្សែប្រយុទ្ធ Patrick ស៊ុតក្រៅប្រអប់ចូលបាន១គ្រាប់តាមពីក្រោយ ១-២។ បន្តបន្ទាប់មកទៀតនៅតែមិនអាចទម្លាយខ្សែការពាររបស់គេបានឡើយ។ ទោះបីជាយ៉ាងណា បើគិតជារួម ព្រះខ័នរាជស្វាយរៀង មានឱកាសច្រើន គ្រប់គ្រងបាល់បានច្រើន និងស៊ុតជាច្រើនលើក ប៉ុន្តែហាក់ដូចគ្មានសំណាងសោះ។

 

សូមជម្រាបផងដែរថា តារាងពិន្ទុពូល B បណ្តោះអាសន្នគឺ

-Johor Darul Tazim មាន ៦ ពិន្ទុ (២ប្រកួត)

-Nam Dinh FC មាន ៣ ពិន្ទុ (១ប្រកួត)

-ព្រះខ័នរាជស្វាយរៀង មាន ៣ ពិន្ទុ (២ប្រកួត)

-Lion City Sailors មាន ៣ ពិន្ទុ (១ប្រកួត)

-Shan United FC មាន ០ ពិន្ទុ (១ប្រកួត)

-Bangkok United មាន  ០ ពិន្ទុ (១ប្រកួត) ៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២