អាយ អេស អាយ និង ឡាយហ្វ ខេត្តព្រះសីហនុ មិនទាន់រកបានពិន្ទុ១គ្រាប់នៅឡើយទេ ក្នុងព្រឹត្តិការណ៍ប្រកួតរយៈពេល៦សប្តាហ៍កន្លងមកនេះ តែចាំអ៊ុតមើលសប្តាហ៍ទី៧បន្តទៀត!

ភ្នំពេញ៖ អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ ខេត្តព្រះសីហនុ  មិនទាន់រកបានពិន្ទុនៅឡើយទេ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ គិតត្រឹមសប្ដាហ៍ទី៦ នេះ ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រាំមួយសប្ដាហ៍ ក្រុមទាំងពីរនៅតែបន្តបរាជ័យ ក្រោមថ្វីជើងគូប្រកួតរបស់ពួកគេ។

បើយោងតាមតារាងចំណាត់ថ្នាក់បច្ចុប្បន្ន គិតត្រឹមសប្ដាហ៍ទី៦ របស់ខេមបូឌានព្រីមៀរលីគ ឡាយហ្វ ខេត្តព្រះសីហនុ ស្ថិតនៅលេខរៀងទី១០ និង អាយ អេស អាយ ដង្កោសែនជ័យ ស្ថិតនៅលេខរៀងទី១១ ដោយក្រុមទាំងពីរមិនទាន់រកបាន១ពិន្ទុនៅឡើយទេ។

 

គួរឱ្យដឹងផងដែរថា ក្លឹបបាល់ទាត់ឡាយហ្វ បានរបូតគ្រាប់បាល់ចំនួន ១០ គ្រាប់ ខណៈ អាយ អេស អាយ បានរបូតគ្រាប់បាល់ចំនួន ១៤ គ្រាប់ ក្នុងនោះ ការប្រកួតជាមួយអង្គរថាយហ្គឺរ គឺ អាយ អេស អាយ របូត គ្រាប់ដល់ទៅ ៨ គ្រាប់ ដែលនេះហាក់ជាសងសឹក កាលពីរដូវមុន ដោយ អាយ អេស អាយ បានយកឈ្នះ អង្គរថាយហ្គឺរ ដោយ លទ្ធផល ៧-១ ។

ទោះបីជា អាយ អេស អាយ មិនទាន់ ស្គាល់ជ័យជម្នះក្នុងរដូវកាលថ្មីក៏ពិតមែន ប៉ុន្តែប្រធានក្លឹប អាយ អេស អាយ ដង្កោសែនជ័យ លោក កាំង សេន នៅតែពោលពាក្យលើកទឹកចិត្ត ទៅកាន់ក្រុមក៏ដូចជាអ្នកគាំទ្រ ដោយលោកបានលើកឡើងថា ការចាញ់នីមួយៗ ធ្វើឲ្យក្រុមរួមគ្នាជាងមុន ស្មារតីក្រុមកាន់តែខ្លាំង។អ្នកគាំទ្រដំរីជ័យកាន់តែស្មោះ។ ទាំងអ្នកគាំទ្របាល់ទាត់ទូទៅក៏ចាប់ផ្តើមគាំទ្រក្រុម ដោយពួកគេអាចដឹងពីចិត្តស្រឡាញ់បាល់ទាត់ និងការខិតខំរបស់ក្រុម។

 

ដូច្នេះ សូមរងចាំមើល ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគសប្ដាហ៍ទី៧នេះ  ថាតើក្រុមអាយ អេស អាយ ឬ ឡាយហ្វ ដែលអាចរកជ័យជម្នះ លើកដំបូង ឱ្យក្រុម និងអ្នកគាំទ្ររបស់ខ្លួនបានដែរឬយ៉ាងណា ?៕

    

អត្ថបទ ៖ CPL

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២