មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយបុរសជាប្តីបានប្រើអំពើហិង្សាទៅលើស្ត្រីជាប្រពន្ធឈ្មោះ ប៊ិត សុខលាង អាយុ៣៥ឆ្នាំ បណ្ដាលឱ្យរបួសមុតរយៈក្រោម សៀតផ្កាខាងស្តាំ ០១កន្លែង និងរបួសក្បាលខាងក្រោយចេញឈាម ០១កន្លែង។ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកក្របៅ ទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

នៅពេលឃើញមានករណីអំពើហិង្សាក្នុងគ្រួសារមួយនេះកើតឡើងប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញ ក៏បានចុះដល់កន្លែងកើតហេតុបានសាកសួរ និងធ្វើកំណត់ហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដី ឈ្មោះ សេង សំអឿន មិនឃើញឈ្មោះ ប៊ិត សុខលាង នៅផ្ទះក៏បានដើររកប្រពន្ធតែមិនឃើញ ។ លុះបានបន្តិចក្រោយមកឈ្មោះ ប៊ិត សុខលាង បានទៅដល់ផ្ទះវិញ ក៏មានទំនាស់ពាក្យសំដីគ្នាឮៗ ហើយក៏ស្ងាត់ទៅវិញ ។

លុះដល់ម៉ោង ២០ និង៥៣នាទី ទើបមានប្រជាពលរដ្ឋរាយការណ៍ថាឈ្មោះ សេង សំអឿន បានវាយប្រពន្ធ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ រហូតមកដល់វេលាម៉ោង ២៣ និង១៥នាទី ឈ្មោះ សេង សំអឿន បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅផ្ទះម្តាយបង្កើតរបស់ខ្លួន ស្ថិតនៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

ដោយ៖ វាសនា

