ដឹងតែអេមស្នេហ៍ទៀតហើយបងប្អូន! ការប្រកួតជម្រុះខ្សែក្រវ៉ាត់ជុំទី៣ ពូលB សង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត៨ទិសសប្តាហ៍នេះ

ភ្នំពេញ៖ ការប្រកួតដែលទស្សនិកជនទន្ទឹងរង់ចាំពូលដ៏ក្តៅគគុក ដែលប្រមូលផ្ដុំសុទ្ធតែអ្នកប្រយុទ្ធគុនខ្មែរ ជើងខ្លាំង៤រូបកំពុងស្រែកឃ្លានចង់ឡើងសង្វៀនប្រកួតបន្តទៅវគ្គសំខាន់នៅលើសង្វៀន Wurkz សេនាគុនខ្មែរ យ័ន្ត៨ទិសនោះ ឥឡូវនេះពួកគេត្រូវប៉ះគ្នាដែលសុទ្ធតែជាគូសងសឹក។បើមិនមានសន្លប់ ក៏មានបែកលោហិតស្រក់ពេញសង្វៀនដែរ។

ដោយនៅក្នុងសប្តាហ៍នេះពូល Bគឺអ្នកប្រយុទ្ធមុខឌឺ រឿង ឌីណា ត្រៀមខ្លួនជាថ្មីប៉ះសិស្សច្បងជើងខ្លាំង កំពូលល្បិច ឃួន ឡាំកូស៊ីន ។ ចំណែកឯប៉ែនកាក់ អេរ៉ាវ៉ាន់ កីឡាករកំពុងឡើងជើងត្រូវប៉ះជើងខ្លាំងម៉ាលី អាគ្គីណេត កំពុងពេញល្អនៅក្នុងពេលបច្ចុប្បន្ន ។

គ្រាន់តែមើលគូប្រកួតទាំងអស់នេះ ដឹងតែកក្រើកបាត់ទៅហើយ ព្រោះអ្នកទាំងបួនរូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ចំណែកការប្រកួតគូមិត្តភាពវិញក៏មិនធម្មតាដែរគឺមានវត្តមានកីឡាករជើងខ្លាំងអ្នកលេងកែង រីកគី សេងថង ត្រូវប៉ះអ្នកលេងល្បឿនកណ្តាប់ដៃមកពីមីយ៉ាន់ម៉ាថែមទៀត កីឡាករមានឈ្មោះថា សាវ បា ហេន ។កីឡាករ សំអាត គុនខ្មែរ ខ្លាចាស់ភ្នំដងរែកបានសំលៀងចង្កូមជាយូរមកហើយសប្តាហ៍នេះរូបគេត្រូវប៉ះ ជើងខ្លាំងប្រេស៊ីល ហ្គីមហីម រ៉ូឌ្រីហ្កេស ។ ខ្លាចាស់ឡុង ជិន ត្រូវជួបតតាំងប្តូរកណ្ដាប់ដៃជាមួយ កីឡាកុងម៉ាឡេស៊ី ម៉ាម៉ាក់ ដានស៊ីង ។ ចំណែកឯអ្នកលេងកែងឆេះជង្គង់ហោះ ម៉ឺន មេឃា ត្រូវប៉ះកីឡាករជើងខ្លាំងម៉ាឡេស៊ី អាមៀរ MZ រ៉េប៉េក ។

មិនតែប៉ុណ្ណោះក៏មានការប្រកួតគូបើកឆាកថ្នាលយុវជនគុនខ្មែរស្ថានីយ៍ទូរទស្សន៍ថោនថែមទៀតគឺកីឡាករដែន ភក្តី ត្រូវជួបតតាំងប្រណាំកណ្តាប់ដៃជាមួយកីឡាករ វិបុល គុនខ្មែរ ។

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី11 ខែតុលា ឆ្នាំ2025 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២