ភ្នំពេញ៖ ជនជាតិចិន វៀតណាម និងខ្មែរ សរុបប្រមាណជាង ៣០០នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនប្រភេទកេតាមីនជាច្រើន ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន ចុះឡោមព័ទ្ធទីតាំងអគារយីហោ «ពេជ្រលើមេឃ» នៅក្បែរស្ពានហង្សកោះពេជ្រ ឃាត់ខ្លួនយកមកសាកសួរ ដើម្បីអនុវត្តនីតិវិធីច្បាប់។


ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ដឹកនាំបង្ក្រាបផ្ទាល់ដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ១២ និ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ព្រឹក នៅនៅអាគារយីហោ ពេជ្រលើមេឃ ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនដ៏ធំនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវពីកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអស់រយៈពេលជាយូរមកហើយ ទើបកម្លាំងបើកប្រតិបត្តិការចុះឡោមព័ទ្ធ និងឆែកឆេរតាំងពីវេលារំលងអធ្រាត្ររហូតដល់វេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះទើបចប់ប្រតិបត្តិការ។


បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះឡោមព័ទ្ធឆែកឆេរអគារយីហោ “ពេជ្រលើមេឃ”នេះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ ព្រមទាំងដកហូតគ្រឿងញៀនប្រភេទកេតាមីនជាច្រើនផងដែរ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត បានបញ្ជាក់ថា ទីតាំងខាងលើមើលពីក្រៅដូចជាការដ្ឋានដែលកំពុងសាងសង់ដើម្បីបន្លំភ្នែកមហាជន និងសមត្ថកិច្ច តែនៅខាងក្នុងស្អាតមិនធម្មតា។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីចម្រុះជាតិសាសន៍ទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

ដោយ៖វិសាល

