មិនធម្មតាស្ងាត់ៗអង្គរថាយហ្គឺរ សម្ងំឡើងមកប្រជែងកំពូលតារាងលីគកំពូល

ភ្នំពេញ : ពិតជាប្រកួតប្រជែងបានលឿនគ្រាន់បើ តែមួយពព្រិចភ្នែកសោះក្រុមបាល់ទាត់ជើងខ្លាំងមកពីខេត្តសៀមរាប ស្រាប់តែលោតឡើងលើកំពូលតារាងប្រជែងជាមួយក្រុមTop 5 សម្រាប់សប្តាហ៍នេះ ។

កីឡារដូវ​កាល​នេះ អង្គរថាយហ្គឺរ កំពុង​ប្រជែង​កំពូល​តារាង ក្រោយចាញ់តែ ២ ប្រកួតគិតត្រឹមថ្ងៃ ថ្ងៃអង្គារ ១១ វិច្ឆិកា ២០២៥ ដែលការប្រកួតប្រជែងកាន់តែជក់ចិត្តខ្លាំងឡើង ។

ក្រុម​ អង្គរថាយហ្គឺរ កំពុង​ធ្វើ​​បាន​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ដោយ​ពួក​គេ​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារាង​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ជា​ក្រុម​ប្រជែង​កំពូល​តារាង។

ក្រុមបាល់ទាត់មានមូលដ្ឋានមកពីទឹកដីអង្គរមួយនេះបាន​ឆ្លង​​កាត់ ៩ ប្រកួត គឺ​ឈ្នះ ៧ និង​ចាញ់ ២ រក​បាន ២១ ពិន្ទុ​ ឈរ​លេខ​ ២ ​ក្នុង​តារាង ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ពួក​គេ​​បាន​ចាញ់​ក្រុម ព្រះ​ខ័ន​រាជ​ស្វាយរៀង ០-៣ និង​ចាញ់ ណាហ្គាវើលដ៍ ០-១ ខណៈ​៧​ប្រកួត​ផ្សេង​ទៀត​សុទ្ធ​តែ​ឈ្នះ។

កាន់តែពិសេសជាងនេះ អង្គរថាយហ្គឺរ​ជា​ក្រុម​ដែល​រក​បានគ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ចំណោម ១១ ក្រុមគិត​ត្រឹម​សប្តាហ៍​ទី​១១។ ពួក​គេ​រក​បាន​ ៣០ គ្រាប់​ពី​ការ​ប្រកួត ៩ លើក ប៉ុន្តែ​ត្រូវ​បាន​ដៃ​គូស៊ុត​ចូល​វិញ ១០ គ្រាប់ ធ្វើ​ឲ្យ​ពួក​គេ​នៅ​ពី​ក្រោម ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ស៊ុត​ចូល​ដៃ​គូ ២៧ គ្រាប់ តែ​​ត្រូវ​ដៃ​គួស៊ុត​ចូល​ ៦ គ្រាប់​ប៉ុណ្ណោះ​ពី​ការ​ប្រកួត ៨ លើក។

ការ​ប្រកួត​ឈាន​ដល់​សប្តាហ៍​ទី​១១ សបញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុម​អង្គរថាយហ្គឺរ មិន​មែន​ត្រឹម​តែ​ប្រជែង​ក្រុម​លំដាប់​កំពូល​ទាំង ៦ (Top 6) ដែល​ត្រូវ​ឡើង​ទៅ​ជុំទី​៣​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ក្រុម​ដែល​ប្រជែង​ជើង​ឯក​ថែម​ទៀត។

អ្នកគាំទ្រជាច្រើនត្រូវ​បាន​​មើល​ឃើញពី​ទម្រង់​លេង​ដ៏ល្អ​គ្រប់​តំបន់ មិន​ថា តំបន់​ប្រយុទ្ធ តំបន់​បម្រើ ឬ​ការពារ​ទេ​។ ជា​ពិសេស​ជា​ក្រុម​​​លេង​ប្រយុទ្ធ​​ច្រើន​ទើប​ធ្វើ​ឲ្យ​ពួក​គេ​រក​បាន​គ្រាប់​បាល់​ច្រើន។ ជាក់​ស្តែង ពួក​គេ​ស៊ុត​ចូល​ក្រុម អាយអេសអាយ ដង្កោសែន​ជ័យ ដល់​ទៅ ៨ គ្រាប់។

ហើយបើក្រឡេកមកមស្ថិតិ ៩ ប្រកួត​របស់​​ អង្គរថាយហ្គឺរ ហាក់ធ្វើបានល្អច្រើន ក្រៅពីមានការចាប់អារម្មណ៍ចំពោះលទ្ធផលនៃការប្រកួត ដែលមានដូចជា :
ឈ្នះ អឹមអួអាយ កំពង់ដេវ៉ា ៦-៣
ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ០-៣
ឈ្នះ គិរីវង់សុខសែន​ជ័យ ៤-០
ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ៨-០
ចាញ់​ ណាហ្គាវើលដ៍ ០-១
ឈ្នះ បឹងកេត ៣-០
ឈ្នះ វិសាខា ៣-២
ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ៣-១
ឈ្នះ កង​យោធពល​ខេមរភូមិន្ទុ ៣-0 ។

ក្រោយពីសង្កេតឃើញពីទម្រង់លេងប៉ុន្មានប្រកួតចុងក្រោយអាចនិយាយបានថាក្រុមមួយនេះនឹងនៅតែបន្តរក្សាលំនឹងក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងទាំងបួនក្រុមផ្សេងទៀតនៅសប្តាហ៍បន្ទាប់ធ្វើឲ្យអ្នកគាំទ្រកាន់តែមានជំនឿចិត្ត ក្នុងការឡើងទៅប្រជែងពានរដូវកាលនេះ៕

     

ដោយ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២