ភ្នំពេញ៖ កិច្ចសហការថ្មី(MOU)រវាងស្ថានីយទូរទស្សន៍ថោន និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីនាំយកមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងមហាព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស ដែលនឹងទៅអង្រួនបេះដូងបងប្អូនខ្មែរទូទាំងប្រទេសកម្ពុជា។កម្មវិធីចុះ MOU នេះ បានប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារទំនើបជីពម៉ុង ២៧១ មេហ្កាម៉ល ។ដោយមានការចូលរួមពីសំណាក់ លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប និងឯកឧត្តមវ៉ា សុធា , អ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិក ជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកជំទាវគឹម ចាន់ណា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ រួមទាំងសិល្បៈករ សិល្បៈការិនី តារាចម្រៀងប្រចាំផលិតកម្មថោន គ្រូបង្វឹក កីឡាករប្រដាល់គុនខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។


WURKZ ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់នៅតែបន្តជឿជាក់លើក្រុមហ៊ុនថោនគ្រុប ក្នុងការផ្សព្វផ្សាយសិល្បៈក្បាច់គុនបុរាណខ្មែរ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសចូលរួមលើកស្ទួយជីវភាពកីឡាករក្នុងស្រុក ព្រមទាំងអរគុណទៅដល់ការគាំទ្ររបស់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរនាពេលកន្លងមក។


ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU)ជាផ្លូវការ អ្នកឧកញ៉ា លាង ម៉េង ក៏បាននាំថ្នាក់ដឹកនាំក្រុមហ៊ុនថោន កីឡាករគុនខ្មែរ និងសិល្បៈករ សិល្បៈការិនីដើរទស្សនកិច្ច «ភូមិខ្មែរអ្នកធ្វើ» នៅផ្សារទំនើប ជីបម៉ុង ២៧១មេហ្គាម៉លដោយផ្ទាល់ ដែលមានសុទ្ធសឹងតែជាផលិតផល ចំណីអាហារដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដើម្បីលើកស្ទួយកិត្យានុភាពជាតិ គួរជាទីមោទនៈ ។បន្ទាប់ពីការដើរទស្សនាផ្សារខ្មែរធ្វើបាន ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ភ្ញៀវកិត្តិយសកីឡាករ កីឡាការិនី និងតារាសិល្បៈ ក៏បានចូលរួមទទួលទានអាហារសាមគ្គីរួមគ្នា ព្រមទាំងរាំលេងកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ បរិយាកាសស្និទ្ធស្នាលក្នុងនាមស្មារតីខ្មែរតែមួយដើម្បីរួមគ្នាធ្វើកិច្ចការងារផ្សព្វផ្សាយ ពីសេដ្ឋកិច្ច សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរឲ្យកាន់តែមានផ្លែផ្កាទទួលបានជោគជ័យបន្តទៅថ្ងៃអនាគត។


ស្មារតីរួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ រួមគ្នាគាំទ្រផលិតផលខ្មែរ ជីបម៉ុង ប្រកាន់យកឆន្ទៈមោះមុតក្នុងការពង្រីកទីផ្សារកម្ពុជាឱ្យកាន់តែសម្បូរបែប ដោយនាំយកផលិតផល និងសេវាកម្មប្រកបដោយ ស្តង់ដាខ្ពស់មកកម្ពុជា តាមរយៈពហុពាណិជ្ជកម្មទាំង ១៤ របស់ ជីបម៉ុង រួមចំណែកលើភាពរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជា។ តាមរយៈសកម្មភាពកន្លងមក ការគាំទ្រផលិតផលខ្មែរ ខ្មែរប៊ែវើរីជីស ដើម្បីលើកស្ទួយវិស័យកីឡា សិល្បៈ គុនខ្មែរ បាល់ទះ បាល់ទាត់ នៅកម្ពុជា។


សូមជម្រាបផងដែរថា ខ្មែរ ប៊ែវើរីជីស សម្រេចបាននូវផលិតផល «Made in Cambodia» ស្តង់ដាគុណភាពពិភពលោក មានជម្រើសជាច្រើនមិនថា ជាស្រាបៀរ ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង និងទឹកពិសារជាដើម ដែលអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាជនខ្មែរគ្រប់កាលៈទេសៈ និងមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។


ខ្មែរប៊ែវើរីជីស នៅតែបន្តរួមចំណែកធំក្នុងការអភិរក្សសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ ដើម្បីបណ្តុះស្មារតី ផ្នត់គំនិតកូនចៅជំនាន់ក្រោយ ឱ្យកាន់តែយល់ដឹងទូលំទូលាយលើសម្បត្តិវប្បធម៌របស់ខ្មែរ តាមរយៈការឧបត្ថម្ភគាំទ្រលើវិស័យជាច្រើន ជាពិសេស វិស័យប្រដាល់គុនខ្មែរ ដោយបន្តបង្កើតវេទិកា ដុសខាត់សមត្ថភាពកីឡាករ ដើម្បីកេរ្តិ៍ឈ្មោះគុនខ្មែរឱ្យកាន់តែល្បីរន្ទឺនៅលើពិភពលោក៕

ដោយ៖ វិកគី

