ភ្នំពេញ៖ លោកគ្រូសេន ប៊ុនថេន និងលោកសាន សៅយ៉ាន់ ហាក់បីដូចជាមានជំនឿជឿជាក់លើសិស្សរបស់ខ្លួនខ្ពស់ខ្លាំងមែនទែន ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារថោន ដោយពួកគាត់មានជំនឿជឿជាក់លើកូនសិស្សរៀងៗខ្លួនថា មានភាគរយខ្ពស់ក្នុងការបានគ្រងខ្សែក្រវ៉ាត់ក្នុងជំនួបនៅវគ្គផ្តាច់ព្រ័ត្រនៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត 8 ទិស នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ជាការប្រកួតពិសេស ដែលអ្នកគាំទ្របានទន្ទឹងរង់ចាំ និងតាមសួរជារឿយៗមកនោះ។


ក្នុងជំនួបនៅវគ្គផ្តាច់ព្រ័ត្រនៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត 8 ទិស នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះគឺកីឡាករឃួន ឡាំកូស៊ីន ត្រូវជួបតតាំងជាមួយប៉ែនកាក់ អេរ៉ាវ៉ាន់ ដែលជាជើងខ្លាំងកំពុងឡើងជើង កម្មវិធីនឹងចាប់ផ្តើមពីម៉ោង 7:00 យប់តទៅ ហើយអ្នកឈ្នះនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ ដ៏ស្រស់ស្អាតភ្លាមៗតែម្តង ។
អ្នកទាំងពីរសុទ្ធតែធ្លាប់បានឆ្លងកាត់ការប្រកួតជម្រុះលំបាកៗជាច្រើនរហូតដល់វគ្គនេះ មិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែលោកសាន សៅយ៉ាន់ ជាគ្រូបង្គោល បានដាក់ក្តីរំពឹងលើឃួន ឡាំកូស៊ីនថា ភាគរយខ្ពស់ដែលកូនសិស្សខ្លួនអាចគ្រងបានខ្សែក្រវ៉ាត់រហូតដល់ 65% ។ ដោយមើលឃើញពីចំណុចល្អរបស់កូនសិស្ស ពិសេសការប្រកួតប៉ះគ្នាក្នុងវគ្គជម្រុះលើកមុន កូស៊ីនក៏បានយកឈ្នះអេ រ៉ាវ៉ាន់ដោយពិន្ទុ ដូច្នេះប្រកួតលើកនេះ មិនមែនជារឿងលំបាកឡើយ ដែលគេហ្នឹងទទួលបានជ័យជម្នះម្ដងទៀត។

គ្រាន់តែឮលោកសាន សៅយ៉ាន់បោះពាក្យបែបនេះភ្លាម សេន ប៊ុនថេន ឯណេះវិញ ក៏បានធ្វើការឆ្លើយតប និងវាយបកវិញភ្លាមៗដែរថា ប្រសិនលោកគ្រូសៅយ៉ាន់ សង្ឃឹម 65% ខ្ញុំសង្ឃឹម 66% ព្រោះជំនួបនេះជាជំនួបសងសឹក កូនសិស្សលោកមិនឈរឱ្យកូស៊ីនវាយងាយៗឡើយ ព្រោះលោកបានពង្រឹងចំណុចខ្វះខាតរួចរាល់ហើយ ដល់ថ្ងៃប្រកួតនឹងដឹងហើយថា តើអ្នកណាជាម្ចាស់ខ្សែវ៉ាត់ ។

ក្រឡេកមកមើល អ្នកដែលត្រៀមដណ្តើមខ្សែក្រវ៉ាត់ទាំងពីរក៏ជឿជាក់លើកខ្លួនឯងច្រើនមិនធម្មតា តាមរយៈកិច្ចសម្ភាសន៍ជាមួយកីឡាករឃួនឡំ កូស៊ីន បាននិយាយថា ប្រកួតមុនគេទទួលបានជ័យជម្នះ តែប្រកួតនេះគេមិនអាចមើលងាយគូប្រកួតទេ ព្រោះមើលឃើញថា កីឡាករអេរ៉ាវ៉ាន់ហាក់ផ្លាស់ប្ដូរខ្លួនឯងបានយ៉ាងល្អលឿនមែនទែន មិនអាចប្រហែសបានឡើយ តែនៅតែមានជំនឿជឿជាក់លើខ្លួនឯងថានឹងធ្វើបានដូចវគ្គសន្សំពិន្ទុ។
ចំណែកឯប៉ែនកាក់ អេរ៉ាវ៉ាន់វិញក៏បាននិយាយថា ប្រកួតមុនបរាជ័យ ប្រកួតលើកនេះមិនឱ្យចាញ់ជាលើកទី២ឡើយ គេនឹងធ្វើឲ្យអស់ពីសមត្ថភាព ទោះបីជាកូស៊ីនជាកីឡាករល្អមួយរូប ជាកីឡាករដែលតានតឹងសម្រាប់គេក្នុងការប្រកួតខ្សែក្រវ៉ាត់មួយនេះ តែឡើងមកដល់វគ្គនេះហើយត្រូវតែហ៊ានប្ដូរ ព្រោះគេចង់បានខ្សែក្រវ៉ាត់ IPCC នេះមកដាក់តាំងនៅក្នុងក្លឹបខ្លាំងណាស់ ហើយក៏ជាខ្សែក្រវ៉ាត់ក្នុងក្តីស្រមៃរបស់គេជាយូរមកហើយដែរ។
ក្រៅពីការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ នៅលើសង្វៀនWURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)នេះ ក៏នៅមានគូប្រកួតដ៏ជក់ចិត្តជាច្រើនគូទៀតផងដែរ៖
**គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)
– លិជីង គុនខ្មែរ Vs វិបុល ច័ន្ទវេជ្ជតា
– ហេង សារ៉ាន់ Vs វុត្ថា រាមគ្គ។
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)
– សោម ពិសិដ្ឋ Vs កីឡាករម៉ារ៉ុក MOHAMED KHLOUFII
– ភក្តី គុនខ្មែរ Vs ម៉ីយ៉ាន់ម៉ា SOE WAI LWIN
– សូត្រវាសនា គុនខ្មែរ Vs កីឡាករប្រេស៉ីល KHAO
– ម៉ឺន មេឃា Vs កីឡាករអ៉ឺរ៉ង់ MAHDI SHIRZAD។
ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZផងដែរ៕

ដោយ៖ វិកគី

