ភ្នំពេញ៖ ទំព័រសករាជថ្មីមួយទៀត សម្រាប់វិស័យកីឡាវាយកូនហ្គោលនៅក្នុងប្រទេសកម្ពុជា ពិធីបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ VATTANAC LEGENDS CHAMPIONSHIPនេះ ប្រព្រឹត្តទៅនៅទីលានវាយកូនហ្គោលដ៏ប្រណីត វឌ្ឍនៈ ហ្គោលរីហ្សត ដែលចូលរួមប្រកួតដោយកីឡាករវាយកូនហ្គោលល្បីៗមកពីជុំវិញពិភពលោក។


នេះជាមោទនភាពជាប្រវត្តិសាស្រ្ត ដែលប្រទេសកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះលើកដំបូងសម្រាប់ព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ ដែលបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍ប្រទេសយើងទៅកាន់ពិភពលោក។
Vattanac Legends Championship បានចាប់ផ្ដើមដំណើរការជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ,សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ឯកឧត្តមកែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ឯកឧត្តមថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងអង្គទូត និងជាពិសេសវត្តមានអ្នកឧកញ៉ាសំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ,អ្នកឧកញ៉ាសំអាង វឌ្ឍនៈ ព្រមទាំងក្រុមកីឡាករវាយកូនហ្គោលល្បីៗលំដាប់ពិភពលោក ដែលមកពីតាមបណ្ដាប្រទេសជុំវិញពិភពលោកជាច្រើនរូបទៀត។


ព្រឹត្តិការណ៍កីឡាដ៏ធំ និងអស្ចារ្យលំដាប់ពិភពលោក Vattanac Legends Championshipនេះ មានការចូលរួមពីប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗ ដែលនឹងមកប្រកួតនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីស៊ត ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ព្រឹត្តការណ៍ Vattanac Legends Championship ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ដែលចាត់ទុកវេទិកានេះជាឳកាសបង្ហាញពិភពលោកពីមោទនភាព និងសក្តានុពលរបស់ប្រទេសកម្ពុជា។


ការនាំយកកីឡាករវាយកូនហ្គោលលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ពិតជាមានមោទនភាពដែលប្រទេសកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Vattanac Legends Championship ជាប្រវត្តិសាស្ត្រដោយមានការចូលរួមពីកីឡាករល្បីៗលំដាប់ពិភពលោកចំនួន ៦០ រូប ដែលនឹងប្រព្រឹត្តិទៅនៅ Vattanac Golf Resort។
គួរជម្រាបផងថា កីឡាករវាយកូនហ្គោលអន្តរជាតិទាំងអស់មកកាន់ប្រទេសកម្ពុជា ដោយទទួលបានការស្វាគមន៍ដ៏កក់ក្តៅ កីឡាករវាយកូនហ្គោលអន្តរជាតិដែលមកចូលរួមការប្រកួតកីឡាវាយកូនហ្គោល Vattanac Legends Championship សម្រេចបន្តការប្រកួតមួយបន្ថែម ដែលមានរយៈពេលមួយសប្តាហ៍ទៀតសម្រាប់ការប្រកួត Vattanac Legends Championship Legacy Edition បន្ទាប់ពីដំណើរកម្សាន្តទស្សនាប្រាសាទអង្គរវត្ត។


នេះគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មាន សម្រាប់ការប្រកួតអន្តរជាតិដែលរៀបចំរហូតដល់ចំនួន២ ក្នុងប្រទេសតែមួយ ដែលនេះបង្ហាញថាប្រទេសកម្ពុជាពិតជាមានចំណុចពិសេសទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិ។
សូមរំលឹកផងដេរថា ក្រុមម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយមាស សម្រាប់ការប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិធំបំផុតនៅកម្ពុជាគឺ «ជើងឯកវឌ្ឍនៈ លេជេនស៍ Vattanac Legends Championship» សម្រាប់ការប្រកួតថ្ងៃទី១ ដែលកីឡាករអាជីព និងមិនអាជីពលាយចូលគ្នារវាង ក្រុមម្ចាស់ផ្ទះកម្ពុជា ប្រកួតជាមួយក្រុមអន្តរជាតិ Legends Tour កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីលាន វឌ្ឍន ហ្គោល រីហ្សត។


សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជាមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ជាប្រធានក្រុម និងមានសមាជិកជាច្រើនទៀតដូចជា សម្តេច ឯកឧត្តម អ្នកឧញ៉ា លោកឧកញ៉ា ដែលបានទទួលមេដាយមាស និងពានរង្វាន់ ថ្នាក់ដឹកនាំ Legends Tour៕

ដោយ៖ វិកគី

