ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យចុះមកឃាត់ខ្លួនបានភ្លាមៗរួមទាំងអាវុធខ្លីមួយដើម ក្រោយពេលចូលទៅក្នុងហាងម៉ាតមួយកន្លែងរួចបង្កជម្លោះជាមួយម្ចាស់ហាង និងដកកាំភ្លើងបាញ់មួយគ្រាប់ កាលពីម៉ោងជាង២រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចហាងម៉ាតមួយកន្លែងយីហោ ហូណន ប៊ូប៊ូ ហ្គាវ សេងហួ )ជាប់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញបុរសជនជាតិចិនម្នាក់ និងជាខ្មាន់កាំភ្លើងបានចូលមកក្នុងម៉ាតមួយកន្លែងនៅជាប់ផ្លូវ៦០ម៉ែត្រ ក្រោយមកពុំដឹងមានទំនាស់អ្វីនោះទេក៏បុរសជានជាតិចិនរូបនោះបានដកកាំភ្លើងភ្ជង់ស្រ្តីជាម្ចាស់ហាង បន្ទាប់មកក៏ឈានទៅដល់ផ្ទុះអាវុធចំនួនមួយគ្រាប់ រួចក៏ភាគីម្ចាស់ហាងរត់ទៅចាប់ និងប្រតាយប្រតប់គ្នា និងឃាត់បុរសជនជាតិចិន និងជាខ្មាន់កាំភ្លើងបានភ្លាមៗហើយរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។ សំណាងល្អមិនបង្កឲ្យមាននាក់រងរបួស។


បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកដល់ឃាត់ខ្លួនបុរសជនជាតិចិនជាខ្មាន់កាំភ្លើងរួមទាំងអាវុធខ្លីមួយដើមនាំយកទៅប៉ុស្តិ៍នគបាលសង្កាត់ចក្រអង្រែលើដើម្បីសួរនាំនិងបន្តនិតិវិធី ចាត់ការទៅតាមបនីតិវិធី៕

ដោយ ៖ វិសាល

