ក្រុមក្មេងទំនើងរហ័សនាម«ទឹកអំពៅ» ប្រដាប់ដោយដុំថ្ម នាំគ្នាគប់ហាងលក់ចាប់ហួយ១កន្លែង បណ្តាលឱ្យខូចខាត និងរងរបួសម្នាក់

ភ្នំពេញ៖ ដោយសារតែស្រី ក្រុមក្មេងទំនើងជាច្រើនម៉ូតូ រហ័សនាម ទឹក អំពៅ ប្រដាប់ទៅដោយដុំថ្មជាច្រើនបាននាំគ្នាគប់ហាងលក់ចាប់ហួយ១កន្លែង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិត នៅកំណាត់ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីយុវជនរងគ្រោះម្នាក់ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជួបជុំគ្នា ហូបចុកដោយមានពិសារគ្រឿងស្រវឹងផងដែរ ហើយនៅក្នុងវង់ផឹកស៊ីនោះ ក៏មានយុវតីម្នាក់ បាននាំសង្សារបស់ខ្លួន មកអង្គុយផឹកដែរ។ ដំបូងយុវតីរូបនោះ បាននិយាយឡូឡា សម្លេងឮខ្លាំង ដែលអាចនឹងរំខានអ្នកជិតខាង ទើបយុវជនរងគ្រោះប្រាប់ថា កុំនិយាយឮពេក ថ្លង់គេអ្នកជិតខាង ណាមួយដោយសារផ្ទះរកស៊ីលក់ដូរចាប់ហួយផង មិនចង់បង្កការរំខានដល់ដំណេកគេ។ និយាយបានប៉ុន្មានម៉ាត់ យុវតីខាងលើ ក៏បន្តមាត់ឮដដែល ធ្វើឲ្យយុវជនរងគ្រោះ និយាយបែបលេងសើច តែក្នុងន័យបញ្ឆិតបញ្ឆៀងថា និយាយអត់ស្តាប់ ប្រយ័ត្នទះ១កំផ្លៀង។

យុវជនរងគ្រោះបានបន្តថា ដោយគិតថា និយាយលេងសើច តែសង្សារបស់យុវតីខាងលើ បែរជាប្រកាន់មែនទែន។ ម៉្យាងវិញទៀត ដោយសារខាងប្រុសជាសមាជិក នៃក្រុមអ្នកលេង ទឹកអំពៅផងនោះ ក៏បានច្រឡោតទៅកាន់យុវជនរងគ្រោះ ហើយយុវជនរងគ្រោះក៏បានសុំអភ័យទោស ព្រមទាំងបន្តហូបចុកទៀត។ តែដោយសារ តែចិត្តគុំគួន សង្សារបស់យុវតីខាងលើ បានទាក់ទងហៅគ្នីគ្នារបស់ខ្លួន មកបង្ករឿងនៅទីតាំងខាងលើ ប៉ុន្តែលើកទី១នេះត្រូវបានសម្របសម្រួលដោយម្ចាស់ទីតាំង ព្រោះជាកន្លែងរកស៊ី ទើបភាគីបង្កបានត្រឡប់ទៅវិញ។

លុះដល់ម៉ោងកើតហេតុ បុរសចិត្តឆៅ ដែលជាក្មេងទំនើងយកចិត្តមិត្តស្រី បានប្រមូលគ្នីគ្នាជាច្រើនម៉ូតូ ប្រដាប់ទៅដោយដុំថ្ម នាំគ្នាត្រឡប់មកម្តងទៀត បើកឆាកប្រយុទ្ធ ដោយនាំគ្នាគប់ និងបំផ្លាញទ្រព្យសម្បត្តិមួយចំនួន ព្រមទាំងបោះសម្តីថា “អញក្រុមទឹកអំពៅ “ ហើយបង្កហិង្សារួចក៏ទៅបាត់ បន្សល់ស្នាមរបួសក្បាល ទៅកាន់យុវជនរងគ្រោះម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកសួរនាំ និងបាននាំខ្លួនយុវតីសង្ស័យម្នាក់ ព្រមទាំងនាំម្ចាស់ទីតាំងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីសួរនាំសាច់រឿង ព្រមទាំងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

    

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២