តុលាការសម្រេចឃុំខ្លួន ពេទ្យធ្មេញ ដាក់ពន្ធនាគារ ដែលបើកឡានបុកមនុស្ស និងបានថយកិនសម្លាប់

ភ្នំពេញ ៖ លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន លើឈ្មោះ យ៉ាន់ ណាលីណា ជាពេទ្យធ្មេញ ដែលបើកឡានបុកយុវជនម្នាក់រួចថយកិនបន្ថែមរហូតដល់ស្លាប់។ នេះបើតាមការអោយដឹង ពីលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ឈានដល់ការអំពើឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ ថ្លែងថា ជនបង្កឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់។

ឈ្មោះ យ៉ាន់ ណាលីណា ត្រូវបាន លោក សឿ ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពេទ្យធ្មេញ ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទ «ឃាតកម្ម» ចែងថា «អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺ ជាឃាតកម្ម ។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២