ចុះល្បាត៤ថ្ងៃ ក្រុមអ្នកអភិរក្សតំបន់ការពារធម្មជាតិដោះអន្ទាក់បានចំនួន៥៣៣ និងសង្គ្រោះសត្វព្រៃបានចំនួន៨ក្បាល

ខណៈពេលដែលព្រៃឈើត្រូវបានការពារពីការទន្ទ្រានដោយខុសច្បាប់ «អន្ទាក់» កំពុងដើរតួជាឃាតករលាក់មុខ សម្លាប់ជីវិតសត្វព្រៃយ៉ាងស្ងៀមស្ងាត់នៅក្នុងតំបន់ការពារធម្មជាតិ។ថ្វីដ្បិតតែសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានទប់ស្កាត់ និងមានការថយចុះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែការលួចដាក់អន្ទាក់ និងការបរបាញ់ខុសច្បាប់ នៅតែជាកត្តាប្រឈមសំរាប់តំបន់ការពារមួយនេះ។

ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនេះ បន្ថែមលើសកម្មភាពល្បាតជាប្រចាំ ក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្ស និងអ្នកស្ម័គ្រចិត្តល្បាតសហគមន៍ នៃស្នាក់ការកណ្ដាលរយ៉លើ ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានបំពេញបេសកកម្មចុះល្បាត និងស្វែងរករុករកយ៉ាងសកម្មនៅក្នុងតំបន់អភិរក្សនិងតំបន់ស្នូល នាចន្លោះថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

ជាលទ្ធផល ក្រុមការងារបានរុករក និងដោះសារអន្ទាក់ខ្សែគោសរុបចំនួន ៥៣៣ខ្សែ ដែលត្រូវបានព្រានព្រៃលួចដាក់ក្នុងតំបន់ស្នូល។ អន្ទាក់នៅតែជាគ្រោះថ្នាក់ដ៏សាហាវបំផុតសម្រាប់សត្វព្រៃ ដោយក្រុមការងារបានប្រទះឃើញសត្វស្វាព្រាម ១ក្បាល ជាប់អន្ទាក់ងាប់ស្អុយរលួយ។ យ៉ាងណាមិញ ក្នុងប្រតិបត្តិការនេះ ក្រុមការងារជួយសង្គ្រោះ និងដោះលែងសត្វជ្រូកព្រៃចំនួន ៨ក្បាល ឱ្យត្រឡប់ទៅរស់នៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព ព្រមទាំងបានកត់ត្រាវត្តមានសត្វព្រៃសំខាន់ៗដែលកំពុងរស់នៅយ៉ាងសុខសាន្ត រួមមាន ហ្វូងសត្វស្វាព្រាមប្រមាណ ២០ក្បាល នៅក្នុងតំបន់ស្នូល។

លទ្ធផលពីបេសកកម្មនេះបានបញ្ជាក់ច្បាស់ថា ការចុះល្បាតជាប្រចាំ និងការបន្តគាំទ្រយ៉ាងសកម្មលើកិច្ចការពារព្រៃឈើក្នុងតំបន់អនុវត្គគម្រោង REDD+ លំផាត់ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន ដើម្បីលុបបំបាត់អន្ទាក់ ធានាសុវត្ថិភាពដល់សត្វព្រៃ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យគង់វង្ស។នេះបើយោងតាមអង្គការ NatureLife Cambodia Organization៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២