កណ្ដាលថ្ងៃក្តៅចែស! ជនសង្ស័យចូលទៅកាច់កម៉ូតូពីមុខផ្ទះប្រជាពលរដ្ឋក្នុងបុរី ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ហេតុការណ៍កាច់កម៉ូតូ១គ្រឿងបានកើតឡើងកណ្ដាលថ្ងៃត្រង់ វេលាម៉ោងប្រមាណ ២ និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងបុរីរិទ្ធ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមព័ត៌មានបឋមបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់បានចតម៉ូតូម៉ាក Nex ពណ៌ទឹកប្រាក់ទុកនៅមុខផ្ទះដូចធម្មតា ប៉ុន្តែក្រោយមក មានជនសង្ស័យចំនួន ២ នាក់ ជិះម៉ូតូម៉ាក Zoomer X ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-7929 មកធ្វើសកម្មភាពកាច់កម៉ូតូយកទៅបាត់។ប្រជាពលរដ្ឋនៅទីនោះបានបង្ហាញការព្រួយបារម្ភ និងអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការចុះល្បាត និងត្រួតពិនិត្យ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ សាធារណជនបាន​លើកឡើងថា ម្ចាស់យានយន្ត ត្រូវបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើប្រាស់ឧបករណ៍ការពារ បន្ថែម និងចៀសវាងការចតទុកដោយគ្មានការត្រួតពិនិត្យ ជាពិសេសនៅតំបន់ដែលមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់។

 

មកទល់ពេលនេះ សមត្ថកិច្ចមូលដ្ឋានមិនទាន់បានចេញសេចក្តីបំភ្លឺលម្អិតអំពីករណីនេះនៅឡើយទេ ខណៈការស្រាវជ្រាវត្រូវបានរំពឹងថាកំពុងដំណើរការ ដើម្បីស្វែងរកជនសង្ស័យយកមកទទួលខុសត្រូវតាមច្បាប់៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២