ឈឺនោមខ្លាំងពេក យុវជន៣នាក់ឈប់ម៉ូតូនោមអត់ដកសោចេញត្រូវបានជនសង្ស័យវាយប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖​ យុវជនមានគ្នា៣នាក់ជិះម៉ូតូហុងដាមួយគ្រឿងឌុបគ្នាពេលឈប់នោម ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយដំបងទីបមកដេញវាយប្លន់យកម៉ូតូជិះគេចខ្លួនបាត់។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣ និង៥០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៧​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ឌួង​ងៀប​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០២៤​ ចេញពីម្តុំផ្សារបឹងបៃតង​ បំណងទៅលេងសង្សារនៅម្តុំទួលពង្រ​ លុះមកដល់ចំណុចកើតហេតុស្រាប់តែឈប់នោមដោយមិនបានដកសោរម៉ូតូចេញនោះទេ​ ។

ប្រភពដដែលបានបន្តថា​ ខណៈកំពុងឈរនោម​ ស្រាប់តែមានជនសង្ស័យ២នាក់ប្រដាប់ដោយដំបងទីប​ ​ ដើរមកធ្វើ​សកម្មភាព​​វាយ​ធាក់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជិះ​រត់​គេច​ខ្លួន​ទៅបាត់​ ។

 

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​នាំ​ខ្លួន​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរបែកក្អម​ដើម្បី​សួរនាំ ​និង​ដាក់​ពាក្យ​បណ្ដឹង​ និងបន្ត​ធ្វើ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២