កណ្ដាល៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានឃាតករដែលត្រូវជាពូសាច់ថ្លៃលួងលោម ចាប់យកទៅក្នុងផ្ទះ ចងស្លាបសេកយកស្កុតរុំមាត់យ៉ាងសាហវព្រៃផ្សៃរហូតស្លាប់យ៉ាងអណោចអធ័ម ដើម្បីជំរិតទាប្រាក់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះ ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចផ្ទះរបស់ឈ្មោះ គឹម វណ្ណា ស្ថិតភូមិ កូនជ្រែ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។


មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ០៥ ឆ្នាំ មានទីលំនៅភូមិ កំពង់សំណាញ់ទី១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាល មុខរបរ នៅក្នុងបន្ទុក ។ ឪពុកឈ្មោះ ទេព រតនា អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ ។ ម្ដាយឈ្មោះ ជឿន ស៊ីនួន ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរ លក់ដូរ អ្នកទាំងពីរមានទីលំនៅភូមិ កំពង់សំណាញ់ទី១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ហើយគ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍អាទិត្យ តែងតែនាំគ្នាទៅលេងស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិលស្រុកស្អាង។ ជនសង្ស័យមានឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ កូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។(ត្រូវជាពូសាច់ថ្លៃ)គ្មានសារធាតុញៀនអវិជ្ជមាន។
វត្ថុតាងចាប់យកបានរួមមាន៖ ១-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក nokia អិនចុចពិលពណ៌ខៀវ ,២-ទូរសព្ទដៃចំនួន០១គ្រឿងម៉ាកoppo ពណ៌ខ្មៅ(ជារបស់ជនសង្ស័យ)។
តាមប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យឈ្មោះ គឹម វណ្ណា បានឆាតខ្ចីលុយឈ្មោះ ជឿន ស៊ីនួន ដែលត្រូវជាម្ដាយឈ្មោះ រតនា ម៉េងស៊ីម ជាញឹកញាប់។ ហើយឈ្មោះជឿន ស៊ីនួន ចូលមើលឆាតតែមិនឆ្លើយតបទេ ហើយពេលនោះជនសង្ស័យឈ្មោះ គឹម វណ្ណា ក៏បានលុបឆាតចោលវិញ។លុះនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ០៨ និង ២៥ នាទី កុមារីរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម និង បងស្រីឈ្មោះ រតនា ពេជ្ររ៉ា ភេទស្រីអាយុ ០៩ ឆ្នាំ បាននាំគ្នាទៅលេងដីឡូមួយកន្លែងរបស់ឈ្មោះថាច មករា ដែលស្ថិតនៅជិតផ្ទះ ពេលនោះជនសង្ស័យបានដើរមកនិយាយលួងលោមជនរងគ្រោះ ឲ្យទៅញ៉ាំអំពៅនៅក្នុងផ្ទះរបស់ខ្លួន។
ពេលទៅដល់ជនសង្ស័យបានចាប់បីជនរងគ្រោះឡើងលើផ្ទះនិងឲ្យតុក្កតាលេងរួចជនសង្ស័យបានធ្វើសកម្មភាពយកស្កុតសថ្លាចាប់ចងដៃ ជើង បិទមាត់ជនរងគ្រោះ ហើយលើកដាក់ចូលទៅក្នុងគ្រែប្រអប់ និងដាក់ពូកសង្កត់ពីរលើ។ហើយពេលនោះឈ្មោះ ធី ណារ៉ុង ប្រពន្ធរបស់ជនសង្សយ័បានជិះម៉ូតូមកពីផ្សារបានស្រែកសួរទៅជនសង្ស័យឈ្មោះគឹម វណ្ណា ថា នៅលើផ្ទះកំពុងធ្វើអី ជនសង្ស័យឈ្មោះគឹម វណ្ណា ឆ្លើយថា កំពង់ធ្វើបង្អួចផ្ទះវាខូចដោយមិនបានចាប់អារម្មណ៍ឈ្មោះធី ណារ៉ុង ក៏បានធ្វើម្ហូបនៅផ្ទះបាយនៅខាងក្រោម ហើយបានហៅជនសង្ស័យ ហូបបាយពេលហូបបាយរួចជនសង្ស័យបានជិះម៉ូតូចេញទៅខាងក្រៅបាត់។
នៅវេលាម៉ោង ១១ និង ៣០ នាទីឈ្មោះ ជឿន ស៊ីនួន ដែលត្រូវម្តាយរបស់កុមារីរងគ្រោះ បានដើររកកូនដើម្បីមកហូបបាយតែរកមិនឃើញរួចឈ្មោះ ជឿន ស៊ីនួនបានឆែកកាមេរ៉ាសុវត្តិភាពមើលបានឃើញកូនស្រីរបស់ខ្លួនដើរទៅជាមួយជនសង្ស័យស្រាប់តែដល់ម៉ោង ១១ និង ៣៦ នាទីក៏មានសារមួយបានឆាតមកក្នុងទូរស័ព្ទរបស់ឈ្មោះ ជឿន ស៊ីនួន (ម្ដាយជនរងគ្រោះ)សរសេរថា កូនហែងនៅក្នុងឡានអញចង់បានកូនមកវិញឲ្យអញមួយម៉ឺនដុល្លារមុនមក អញទុកពេលឱ្យមួយម៉ោង បើលើសមួយម៉ោងចាំយកសពកូនហែងទៅ ដាក់លុយតាមវីងមក តាមវីងលេខទូរស័ព្ទ(0978309128) អញប្រាប់ឲ្យហើយតែដឹងឮដល់ប៉ូលីស និងអ្នកជិតខាង ប្រយ័ត្នអត់បានជួបកូន ពេលមើលសាររួចហើយឈ្មោះ ជឿន ស៊ីនួន ក៏បានមកប្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដើម្បីឲ្យជួយស្រាវជ្រាវពេលទទួលបានព័ត៌មានភ្លាមកម្លាំងព្រហ្មទណ្ឌស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម វណ្ណា យកមកធ្វើការសាកសួរ តែជនសង្ស័យមិនព្រមសារភាព។លុះដល់ម៉ោង ១៦ និង២៥នាទីថ្ងៃដដែល សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជនសង្សយ័ទើបប្រទះឃើញសពជនរងគ្រោះនៅក្នុងគ្រែប្រអប់ក្រោមពូក។
បន្ទាប់មកទើបជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះទារប្រាក់ពិតប្រាកដមែន ដោយធ្វើតែម្នាក់ឯងមិនពាក់ពន្ធ័និងឈ្មោះធីណារ៉ុង (ត្រូវជាប្រពន្ធ)ឡើយ។
បញ្ជាក់ ម្ដាយជនរងគ្រោះ និងឈ្មោះធី ណារ៉ុង(ប្រពន្ធជនសង្ស័យ)ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។ករណីនេះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ វិសាល

