មិនដឹងថា មានរឿងអ្វីនោះទេ នារីស្រលាញ់ភេទដូចគ្នាចាក់សម្លាប់គ្នាគ្មានប្រណីដៃនៅឆ្នេរអូត្រេះ តែរយៈពេល៥ម៉ោងក្រោយមក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន

ខេត្តព្រះសីហនុ៖ ឥឡូវនេះជនសង្ស័យជាឃាតករ ដែលសម្លាប់ស្ត្រីរងគ្រោះនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយពីធ្វើ សកម្មភាពប្រហែល៥ម៉ោង។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺជាឃាតកម្មគិតទុកជាមុន។

មន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែឧសភា​​ឆ្នាំ២០២៦​ នៅវេលាម៉ោង២១ និង៣០នាទីយប់ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ៩ ភូមិ​៦​ សង្កាត់លេខ​៤​ ក្រុង​-ខេត្តព្រះសីហនុ​​ មានករណីឃាតកម្មគិតទុកជាមុន១ករណី បង្កឡើងដោយជនសង្ស័យម្នាក់ ភេទស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួចដងឈើដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះហើយឈ្លោះប្រកែកគ្នាបានពីរ-បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់យកទៅអារ-ក ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។

ប្រភពបានបញ្ជាក់ថា កន្លងមកជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា ហើយស្រលាញ់គ្នាប្រហែល២ឆ្នាំ មកហើយ។

ក្រោយពេលទទួលព័ត៌មានរឿងហេតុខាងលើនេះភ្លាម កំលាំងជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានស្រាវជ្រាវតាមជំនាញរហូតដល់វេលាម៉ោងប្រហែល០៣ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្រោមផ្លូវល្បឿនលឿនក្រុមទី១៧ ភូមិ១សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។


មន្ត្រីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះ(សព)ឈ្មោះ​ តាំង​ ស្រីនិច​ ភេទ​ស្រី​​ ជនជាតិ​ខ្មែរ​ អាយុ២៤ឆ្នាំ។ រីឯជនសង្ស័យមានឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះមានស្នាមរបួសដាច់រយះសាច់​បំពង់ក​ ចំនួន​ ០១កន្លែង។

យោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យសមត្ថកិច្ចធ្វើការសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីឃាតកម្មគិតទុកជាមុន៕

ដោយ៖ វិសាល

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២