ភ្នំពេញ ៖ ទីបំផុត! លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ហើយ ។ នេះបើយោងតាមប្រកាស ស្តីពី ការបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្មលេខ ០៨២ ព.ណ.ន.៥០ម.ប្រក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមយោបល់របស់ក្រុមប្រឹក្សាវិន័យក្រសួងពាណិជ្ជកម្មសម្រេច ៖
ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស អត្តលេខ ១៧៣០៥០០០២០ កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋាន។

ការបញ្ចប់មុខតំណែង និងលុបឈ្មោះលោក គឹម ប្រុស ចេញពីក្របខ័ណ្ឌមន្ត្រីរាជការនេះគឺបានកើតឡើងបន្ទាប់រូបលោកបានកាងអ្នកលក់ផ្លែទុរេននៅខេត្តបាត់ដំបងថា ផ្លែទុរេនទាំងអស់នោះ ជាផ្លែទុរេនយកមកពីខេត្តកំពង់ចាម ខណៈអ្នកនាំចូលផ្លែទុរេនបាននិយាយតាមសារសម្លេងបែកធ្លាយថា ផ្លែទុរេនទាំងនោះជាផ្លែនាំចូលមកពីប្រទេសសៀម ដែលធ្វើឱ្យមហាជនរិះគន់ឡើងកក្រើកបណ្តាញសង្គម៕

ដោយ៖ វិសាល

