បុរស​ម្នាក់អតីតជាសមត្ថកិច្ច​ចូល​និវត្តន៍​​បានបញ្ចប់ជីវិតដោយការបាញ់សម្លាប់ខ្លួនឯង នៅម្តុំផ្លូវ៦០ម៉ែត្រ ធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម

ភ្នំពេញ៖ បុរស​ម្នាក់ដែលគេដឹងថា ជាសមត្ថកិច្ច​ចូល​និវត្តន៍​​បាន​យក​កាំភ្លើងធ្វើ​អត្តឃាត ​ដោយបាញ់​​សម្លាប់​​ខ្លួនឯង​ បាន​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ហ៊ុមព័ទ្ធ​ខ្សែ​ភ្លាមៗ។ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលឡើង​កាល​ពី​វេលា​ម៉ោង​៥និង២០នាទី​ទៀប​ភ្លឺ​ឈានចូលថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​នៅក្បែរ​ផ្លូវ​៦០ម៉ែត្រ​(ក្រោយ​ផ្សារ​រាត្រី​៦០ម៉ែត្រ​)​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

បើតាមព័ត៌មានពីបុរសម្នាក់ដែលដើរហាត់ប្រាណនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរហាត់ប្រាណដូចសព្វដងស្រាប់តែប្រទះឃើញបុរសម្នាក់បានដេកស្លាប់នៅលើផ្លូវខាងលើដោយមានឃើញកាំភ្លើងវែងមួយដើមនៅក្បែរខ្លួនអ្នកស្លាប់ និងម៉ូតូមួយគ្រឿងផងដែរ ហើយរូបគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ខាងកោសល្យ​វិច័យ​បាន​ចុះ​មក​ធ្វើ​ការ​ត្រួតពិនិត្យ ​និង​ធ្វើ​លិខិត​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

បើតាមព័ត៌មានបឋមដែលទទួលបានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានជំងឺបាក់ទឹកចិត្ត ហើយក៏មានជំងឺប្រចាំកាយផងដែរ គេងមិនសូវលក់ ដែលធ្វើឱ្យគាត់គិតច្រើន ប្រហែលជាមកពីមូលហេតុនេះហើយ ទើបធ្វើឱ្យគាត់សម្រេចចិត្តបែបនេះ៕

   

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២