ខេត្តតាកែវ៖ ជនសង្ស័យមួយក្រុម ដែលធ្វើសកម្មភាពលួចរថយន្តពីរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការស្ទាក់ចាប់យ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនបានម្នាក់ នៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ខណៈជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងអំពីករណីលួចរថយន្តចេញពីរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការស្រាវជ្រាវ និងដេញតាមជាបន្ទាន់ រហូតប្រទះឃើញមុខសញ្ញាសង្ស័យនៅតំបន់ផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទីក៏ឈានដល់ការបង្ក្រាបតែម្តង។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន។ ភ្លាមៗនោះ កម្លាំងជំនាញបានដាក់ពង្រាយកម្លាំងតាមគោលដៅនានា ដើម្បីតាមប្រមាញ់ និងចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេច យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ប្រភពដដែលបានបន្តថា រថយន្តដែលត្រូវជនសង្ស័យលួចនោះ ត្រូវបានសមត្ថកិច្ចរកឃើញវិញ ខណៈជនសង្ស័យដែលឃាត់ខ្លួនត្រូវបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្ខពួក និងមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ វិសាល

