បង្ក្រាបបានហើយ ក្រុមជនសង្ស័យ ដែលដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋឡើងកក្រើកក្រុងប៉ោយប៉ែតនោះ

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពដេញកាប់ និងយកម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង៣ជិតភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ។

យោងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉េត ភារម្យ ភេទប្រុស និងមើលឃ្លីបវីដេអូសកម្មភាពជនសង្ស័យដេញកាប់យកម៉ូតូ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៣ទាបភ្លឺ នៅចំណុចផ្លូវបំបែកផ្សារព្រៃព្រិច ស្ថិតនៅភូមិព្រៃព្រិច សង្កាត់ផ្សារកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង០៤និង០៥នាទីទាបភ្លឺ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល សរុបចំនួន ០៦នាក់ដែលធ្វើសកម្មភាពកាប់យកម៉ូតូនៅចំណុចខាងលើ ។បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២