អភិបាលខេត្តកំពង់ស្ពឺ ថ្លែងអំណរគុណ សប្បុរសជន ដែលបានចូលរួមផ្តល់អំណោយសម្រាប់ចែកជូន ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តកំពង់ស្ពឺ ៖ ដោយសារតែកម្ពុជា បានទទួលរងនូវ គ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង បណ្តាលអោយបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បានលិចលង់ ក្នុងនោះខេត្តកំពង់ស្ពឺ ក៏ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះដែរ ធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តនេះ ជួបនូវការខ្វះខាត ដោយត្រូវទឹកលិចផ្ទះសម្បែង និងផលដំណាំ ជាច្រើន។

ក្នុងនោះដែរ ក៏មានសប្បុរសជនជាច្រើន បានចូលរួមជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្តា ក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ ខេមបូឌា ខូអិលធីឌី CJ CHEILJEDANG FEED CAMBODIA CO.,LTD ដែលបានឧបត្ថម្ភ ថវិកា ចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ទឹកបរិសុទ្ធ ចំនួន ១០០កេស និងមី ១០០កេសតូច ជូនរដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមបណ្តា ក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ។ សូម លោក លោកស្រី ព្រមទាំងសហការី បានសមប្រកបដោយពុទ្ធពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន ស៊ីជេ ជេលជីដាង ហ្វីដ ខេមបូឌា (CJ CHEILJEDANG FEED CAMBODIA) ជាប្រភេទក្រុមហ៊ុនឯកជន ដែលមាន លោក កាំង មីនស៊ូ ជាអគ្គនាយកគ្រប់គ្រង និងមានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនមានផ្គត់ផ្គង់ចំណីសត្វដូចជា៖ ចំណីជ្រូក មាន់ និងទា ហើយបច្ចុប្បន្ន ក្រុមហ៊ុនក៏បានបង្កើតជាកសិដ្ឋានចិញ្ចឹមជ្រូកពូជ និងជ្រូកសាច់មួយចំនួន ដែលមានទីតាំងក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២