យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់ត្រូវបានកប់នៅក្នុងដីបន្ទាប់ពីការរអិលបាក់ដីមួយនៅតំបន់ភ្នំនៃខេត្ត Gansu ភាគខាងលិចប្រទេសចិន។ដំបូងឡើយមានមនុស្សសរុបចំនួន ៣៣ នាក់ត្រូវបានជាប់គាំង តែឥឡូវនេះ ១៧ នាក់ត្រូវបាន «ជួយសង្គ្រោះដោយជោគជ័យ»។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃអង្គារនេះ។


ទូរទស្សន៍ CCTV បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយសង្គ្រោះអ្នកដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនេះ។ខណៈពេលដែលមូលហេតុនៃការរអិលបាក់ដីនៅថ្ងៃអង្គារនេះនៅតែបន្ត ប្រទេសចិនត្រូវបានវាយប្រហារដោយព្យុះផ្គររន្ទះដ៏សាហាវនៅសប្តាហ៍នេះ។ ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ប្រទេសចិនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សប្រាំបីនាក់បានស្លាប់ បន្ទាប់ពីព្យុះផ្គររន្ទះបានវាយប្រហារផ្នែកខាងកើតនៃខេត្ត Hubei ភាគកណ្តាលនៅយប់ថ្ងៃច័ន្ទ។ យ៉ាងហោចណាស់មនុស្សម្នាក់នៅតែបាត់ខ្លួន។ ខ្យល់បក់ខ្លាំង និងព្យុះបានវាយប្រហារទីក្រុង Huangshi, Huanggang,Ezhou និង Xianning នៅយប់ថ្ងៃច័ន្ទ ម៉ោងក្នុងស្រុក ដោយខ្យល់បក់បោកមានល្បឿនដល់ទៅ 149 គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងហោចណាស់មនុស្ស 275 នាក់បានរងរបួសនៅព្រឹកថ្ងៃអង្គារនេះ ម៉ោងក្នុងស្រុក។នេះបើយោងតាមការចុះផ្សាយរបស់ Xinhua។
អ្នកព្យាករណ៍អាកាសធាតុបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងតំបន់ផ្សេងៗនៃប្រទេស ដែលជាជម្រករបស់ប្រជាជនប្រហែល 200 លាននាក់។ មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា តំបន់ភាគអាគ្នេយ៍នៃខេត្តក្វាងស៊ី និងខេត្តភាគខាងកើតនៃខេត្តជាំងស៊ូ និងសានតុង គួរតែត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងរហូតដល់ 260 មីលីម៉ែត្រក្នុងរយៈពេល 24 ម៉ោងខាងមុខ ដែលអាចបង្កឱ្យមានការរអិលបាក់ដី ដោយតំបន់ផ្សេងទៀតនៅភាគឦសាន និងភាគខាងត្បូងនៃប្រទេសចិនរំពឹងថានឹងមានខ្យល់ព្យុះកំបុតត្បូង។
ប្រទេសចិនក៏កំពុងប្រុងប្រយ័ត្នចំពោះព្យុះទីហ្វុងបាវី ដែលកំពុងធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅកាន់តៃវ៉ាន់។ សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងមានខ្យល់បក់ក្នុងល្បឿនរហូតដល់ 290 គីឡូម៉ែត្រក្នុងមួយម៉ោង (180 ម៉ាយក្នុងមួយម៉ោង) នៅពេលដែលវាបានធ្វើដំណើរឆ្លងកាត់កោះហ្គាំ ទីនីអាន សៃប៉ាន និងរ៉ូតាកាលពីថ្ងៃចន្ទ៕

ប្រភព៖ Al Jazeera
ប្រែសម្រួលដោយ៖ វាសនា

