សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់​ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់ នៅទីលានទួលម៉ូតូហោះព្រែកលាភ​

ភ្នំពេញ ៖ ដោយក្តីអាណិតអាសូរ​ និងមើលឃើញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​និងលើកទឹកចិត្ត​ ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ ដែលរស់នៅក្នុងគ្រួសារក្រីក្រ​ បានចូលរួមប្រកួតកីឡា​ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​ ១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​ អាយុ​ ៩ឆ្នាំ​។

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងកោតសរសើរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ខាងលើនេះដែលមានឆន្ទៈស្រឡាញ់កីឡាហើយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំនូវការលើក​ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់កុមារទាំង៣នាក់​ ដែលមានចិត្តស្រឡាញ់វិស័យកីឡា​ ដែលនេះអាចយកធ្វើជាគំរូដល់កុមារ​ និងយុវជនដទៃទៀត​ ប្រសើរជាងការប្រព្រឹត្តគ្រឿងញៀន​ ល្បែងស៊ីសង​ ឬ​​ទង្វើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម​។ ទន្ទឹមនឹងនេះ​ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែដើម្បីអនាគតភ្លឺស្វាង​ ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដើម្បីជីវភាពគ្រួសាររុងរឿង។

ដើម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ​ កាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភដល់​​គ្រួសារកុមារនីមួយៗទទួលបាន​ ៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ២កេស​,​ ត្រីខ​ ២០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត,​ កញ្ចប់អាហារ​ ១កញ្ចប់,​ កាបូបស្ពាយ​ ១​ និងថវិកា​ ៥០០.០០០រៀល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២