ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្ដីប្រើកាំបិតចាក់ បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ក្រោយពេលធ្វើសកម្មភាពរួចបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី០៧ សីហា ឆ្នាំ២០២៦នេះ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះនិល សុភា អាយុ៥០ឆ្នាំ ត្រូវឃាតករជាប្តីចាក់ចំដើមទ្រូងចំនួន២កាំបិតប្រកាច់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ។ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ ជុំ ផូរ អាយុ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ក្រោយពេលកើតហេតុ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ គ្រួសារមួយនេះ មានកូនប្រុសម្នាក់នៅក្នុងបន្ទុក ។

ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះស្ត្រីរងគ្រោះបាននាំគ្នាប្រាប់ឱ្យដឹងថា ជីវិតគ្រួសារមួយនេះគឺរស់នៅមិនសូវចុះសម្រុងនឹងគ្នានោះទេ គឺដោយសារជនដៃដល់ជាប្តីនោះបានប្រច័ណ្ឌប្រពន្ធណាស់ និងមានរឿងឈ្លោះគ្នាមិនឈប់ឡើយ ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ជនដៃដល់ជាប្តីបានជិះម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ៤៨៥៨ រត់គេចខ្លួនបាត់ ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនដៃដល់ជាប្តី ត្រូវបានកំលាំងជំនាញកំពុងតាមស្រាវជ្រាវ ដើម្បីចាប់ខ្លួនមកចាត់ការតាមនីតិវិធី ឱ្យទាល់តែបាន ៕ 

