ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ បានស្លាប់ ក្រោយពីការបាក់ស្រុតលំហែរកាយចូលទៅក្នុងស្រះទឹក ស្ថិតនៅក្នុងភូមិគ្រឹះឧកញ៉ាម្នាក់ ស្ថិតនៅផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ ម៉ោង១១ព្រឹក ថ្ងៃទី១៥ វិច្ឆិកា ទើបសមត្ថកិច្ច រុករកឃើញ។
ស្ត្រីរងគ្រោះ មានឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ សព្វថ្ងៃស្នាក់នៅ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បំរើការជាកម្មករ ផ្នែកអនាម័យ ប្រចាំនៅផ្ទះកើតហេតុខាងលើ។
ហេតុការណ៍នេះបានកើតឡើង តាំងពីម៉ោង១០កន្លះព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុង ភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែងខាងលើ។ ប៉ុន្តែម្ចាស់ផ្ទះ លាក់លៀម មិនបានរាយការណ៍ មកនោះទេ គឺសុខចិត្ត សង្ងំ កកាយ រកសពតែអស់ជម្រើស រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុកតែម្តង។
ប្រជាពលរដ្ន នៅក្បែរ ភូមិគ្រឹះ ខាងលើ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពួកគាត់ឮសូរសម្លេងបាក់ស្រុត រលំផ្ទះ កញ្ចក់នោះដែរ តែមិនចាប់អារម្មណ៍ នឹកគិតថា គេវាយផ្ទះចាស់ចោលដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើល ថាមានស្ត្រីម្នាក់បានស្លាប់៕


