ភ្នំពេញ ៖ នារីម្នាក់បើករថយន្ដមួយគ្រឿងម៉ាក MAZDA CX-3 ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំ និងបណ្តាលឲ្យនារីជាម្ចាស់រថយន្តរងរបួសស្រាល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក MAZDA CX-3 ពណ៍សមួយគ្រឿងពាក់ស្លាក លេខ ភ្នំពេញ 2CB-6347 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលក្បែរវិមានឈ្នះឈ្នះ បណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំចូលក្នុងដីឡូតិ៍មួយកន្លែងរងការខូចខាតធ្ងន់ធ្ងរ ។ចំណែកនារីអ្នកបើកបររងរបួសស្រាលរួចគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះមកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ វិសាល

