វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅកម្ពុជា ដោយនាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកធំៗចំនួន២ និង២សប្តាហ៍ជាប់គ្នា ជាមួយប្រាក់រង្វាន់សរុប១.៤៥ លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោលអាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយ​កូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះមានប្រាក់រង្វាន់សរុបរួមគ្នារហូតដល់ទៅ ១.៤៥ លាន​ដុល្លារអាមេរិក។

ពិធីសន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធ​កីឡា​​វាយកូនហ្គោលកម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាទេសចរណ៍កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, លោក Mark Aspland នាយកប្រតិបត្តិការ (COO) នៃស្ថាប័ន Legends Tour ព្រមទាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក្រុមហ៊ុនដៃគូ និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ​យ៉ាង​ច្រើនកុះករ។

ការប្រកួតទាំងពីរសប្តាហ៍ត្រូវបានបែងចែកជាពីរដំណាក់កាលធំៗដូចខាងក្រោមនេះ៖

  • សប្តាហ៍ទី១ (២៣–២៩ វិច្ឆិកា ២០២៦) – Vattanac Legends Championship៖ ​ការប្រកួតប្រជែងរវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០ រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ ដុល្លារអាមេរិក។

 

កីឡាករល្បីៗដែលរំពឹងថានឹងចូលរួម រួមមាន៖ ម្ចាស់ជើងឯក Major Champion កីឡាករ Michael Campbell, អតីតកីឡាករលេខ ១ ពិភពលោក Lee Westwood, David Drysdale (ម្ចាស់ជើងឯកឆ្នាំ២០២៥) និង Darren Fichardt (ម្ចាស់ជើងឯក Legacy Edition ឆ្នាំ២០២៥)។

 

  • សប្តាហ៍ទី២ (៣០ វិច្ឆិកា – ០៦ ធ្នូ ២០២៦) – Vattanac Tour Championship៖ ​ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប ដែល​មាន​ចំណាត់​ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត ដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា វឌ្ឍនៈ សំអាង បានគូសបញ្ជាក់ថា៖ «ការដែលស្ថាប័ន Legends Tour សម្រេចចិត្តរៀបចំការប្រកួតកម្រិតពិភពលោក ២ សប្តាហ៍ជាប់គ្នានៅក្នុងរីហ៊្សតតែមួយ និងក្នុងប្រទេសតែមួយ គឺជាករណីកម្របំផុតមួយដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំមកលើប្រទេសកម្ពុជា និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត»។

 

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានតម្លៃលើសពីការប្រកួតកីឡាហ្គោល គឺដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ បេតិកភណ្ឌ បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍-វិនិយោគរបស់កម្ពុជា​ទៅកាន់​ពិភព​លោក ក្រោមចក្ខុវិស័យស្នូល៖ «នាំយកអ្វីដែលល្អបំផុតមកកាន់ប្រទេសកម្ពុជា បង្កើតអ្វីដែលល្អបំផុតនៅក្នុង​ប្រទេស​​កម្ពុជា និងបង្ហាញអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»។

ក្នុងពិធីនោះដែរ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏សំខាន់​ចំនួន​ពីរ​គឺ៖

  • ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និង​ស្ថាប័ន Legends Tour ក្រោមយុទ្ធនាការ «2026 Road to Cambodia» ដើម្បីជំរុញការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជាលើឆាកអន្តរជាតិ។

 

  • ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និង​ទីលាន​​វាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សតក្នុងកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍កីឡា។

 

ក្រៅពីការប្រកួតផ្លូវការ កម្មវិធីក៏រួមបញ្ចូលនូវការប្រកួត Pro-Am ផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកបានប្រកួត ជាមួយ កំពូលកីឡាករពិភពលោក, ដំណើរទស្សនកិច្ចប្រាសាទបុរាណ និងការប្រកួត Pro-Am នៅទីលានវាយកូនហ្គោល Angkor Golf Resort ខេត្តសៀមរាប, ព្រមទាំងការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ប្លែកភ្នែក «Tonle Sap Challenge» នៅមាត់ទន្លេចតុមុខ ដែលរួមបញ្ចូលគ្នារវាងកីឡាទេសចរណ៍ និងការកម្សាន្ត។

 

ព្រឹត្តិការណ៍ទាំងពីរនេះនឹងបើកទ្វារស្វាគមន៍សាធារណជន និងអ្នកគាំទ្រកីឡាជាតិ-អន្តរជាតិឱ្យចូលរួមទស្សនា​ដោយ​​ផ្ទាល់​​នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ដើម្បីចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះ​ស្វាគមន៍​ពិភព​លោក​មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  • វឌ្ឍនៈ ហ្គោល រីហ្សត (Vattanac Golf Resort)
  • ទូរស័ព្ទ៖ +855 81 634 006 / +855 96 953 5499
  •    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២