ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូហុងដាឌ្រីមធ្វើសកម្មភាពឆក់ទូរសព្ទពីនារីម្នាក់បានសម្រចហើយ ជិះរត់គេចខ្លួនតែរត់មិនរួចក៍ត្រូវជនរងគ្រោះជិះដេញតាមស្រែកចោរៗធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោជិះទៅបុកម៉ូតូប្រជាពលរដ្ឋមួយគ្រឿងធ្វើដំណើរនៅពីមុខបណ្តាលឲ្យដួលត្រូវពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។


ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧ និង ៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំនុចផ្លូវបេតុង កែងផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្តុបពី តែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងកាត់ទទឹងក្រោយផ្សារទំនើបមីតថោនទិសដៅពីត្បូងទៅជើងដោយបានលើកទូរស័ព្ទនិយាយបណ្តើរគាប់ជួនស្រាប់តែគេឃើញមានបុរសជាជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-1770ជិះមកពីក្រោយ ក៍ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះបានហើយ ក៏ជិះរត់គេចក្នុងល្បឿនយ៉ាងលឿន ភ្លាមៗនោះក៍ត្រូវបាននារីរងគ្រោះជិះដេញតាមពីក្រោយស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ បានជិះទៅបុកម៉ូតូប្រជាពលរដ្ឋមួយគ្រឿងទៀត បណ្តាលឲ្យដួលម៉ូតូក៍ត្រូវពលរដ្ឋឃាត់ខ្លួនបាន និងយកទូរស័ព្ទរបស់នារីរងគ្រោះបានមកវិញផងដែរ ។
បន្តិចក្រោយមក ក៍មានសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យក៍ដូចជានារីរងគ្រោះយកទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋអូបែក ក្អម ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី ច្បាប់ទៅលើជនសង្ស័យផងដែរ៕

ដោយ៖ វិសាល

